ក្រុមហ៊ុនផលិតចំណីសត្វចំនួន៣ មានក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ឯ.ក (Khmer Fresh Milk), ក្រុមហ៊ុនផលិតចំណីសត្វ គ្រីនហ្វីត (GREENFEED Cambodia) និងសហគ្រាសផលិតចំណីសត្វដង្ខៅប៉ាង បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយនិងក្រសួងពាណិជ្ជកម្មស្តីពី កិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញផលិតផលពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមដទៃទៀតក្នុងស្រុក សម្រាប់ផលិតចំណីសត្វ ។

ក្នុងពិធីចុះអនុស្សរណៈយោគយល់ ធ្វើឡើងនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ ក្រុមហ៊ុនផលិតចំណីសត្វទាំង៣ នឹងប្រមូលទិញកសិកផលក្នុងស្រុក រួមមាន ពោតក្រហម ៥៤.០០០តោន ក្នុងមួយឆ្នាំ, ដំឡូងមី ១៣. ០០០តោន ក្នុងមួយឆ្នាំ, កញ្ចុងអង្ករ ១២.៨០០តោន ក្នុងមួយឆ្នាំ និងកន្ទក់ ៣០.០០០តោន ក្នុងមួយឆ្នាំ។
លោកស្រីមានប្រសាសន៍ថា “តួនាទីនិងការចូលរួមរបស់វិស័យឯកជនមិនអាចខ្វះបាន។ ជាពិសេស ក្រុមហ៊ុនផលិតចំណីសត្វទាំងអស់នៅកម្ពុជា ក្នុងការប្រើប្រាស់ផលិតផលក្នុងស្រុក ការជំរុញការកែច្នៃ ដើម្បីបង្កើនផលិតភាពនិងលើកកម្ពស់ការផ្គត់ផ្គង់កសិផល និងបង្កើនឱកាសធុរកិច្ច សំដៅជួយបង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពដល់ប្រជាកសិករខ្មែរ”។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏បានការណែនាំឱ្យក្រុមការងារក្រសួងពាណិជ្ជកម្មបន្តកិច្ចសហការឱ្យបានជិតស្និទ្ធិជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ លើការងាររៀបចំផែនការដាំដុះ និងប្រមូលទិញកសិផល សម្រាប់ផលិតចំណីសត្វ ជាមួយកសិករ តាមរយៈការរៀបចំឱ្យមានការផ្គូរផ្គងរវាងក្រុមហ៊ុនសៃទ្បូ ឬសហគមន៍កសិករ និងក្រុមហ៊ុនផលិតចំណីសត្វ ដោយផ្តោតសំខាន់ផងដែរលើការអនុលោមតាមលក្ខខណ្ឌតម្រូវគុណភាព សំដៅធានាបាននូវស្ថិរភាពការផ្គត់ផ្គង់ និងបញ្ជាទិញ និងសុវត្ថិភាពសម្រាប់អ្នកបរិភោគ៕


