អ្នកឧកញ៉ា អ៊ាន អេឡែន ដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចុះសួរសុខទុក្ខវីរកងទ័ពដែលរងរបួសនៅសមរភូមិ និងកំពុងសម្រាកព្យាបាលនៅគិលានដ្ឋានតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ

សមាគមឧកញ៉ាកម្ពុជា

នាថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ២០២៥ អ្នកឧកញ៉ា អ៊ាន អេឡែន អនុប្រធាន និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ដែលរួមមានវត្តមាន អ្នកឧកញ៉ា និងឧកញ៉ា ជាច្រើនរូបចុះសួរសុខទុក្ខវីរកងទ័ពដែលរងរបួសនៅសមរភូមិ និងកំពុងសម្រាកព្យាបាលនៅគិលានដ្ឋានតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនេះដែរ អ្នកឧកញ៉ាអនុប្រធាន បានថ្លែងថា លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានមានប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងសូមកោតសរសើរចំពោះវីរភាពដ៏អង់អាចក្លាហានរបស់យោធិនគ្រប់ៗរូប ព្រមទាំងបានជូនពរដល់វីរកងទ័ពទាំងអស់ដែលកំពុងសម្រាកព្យាបាលរបួស សូមបានឆាប់ជាសះស្បើយដើម្បីវិលត្រលប់ទៅបំពេញការងារនាពេលដ៏ខ្លីខាងមុខ។ បន្ថែមពីលើនេះ គណៈប្រតិភូក៏បាននាំយកនូវថវិកាមួយចំនួនពីសមាគមឧកញ៉ាកម្ពុជា ជូនដល់យោធិនដែលកំពុងសម្រាកព្យាបាលរបួសផងដែរ។ 

ទន្ទឹមនឹងនេះ អ្នកឧកញ៉ា អ៊ាន អេឡែន រួមទាំងគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា បានសម្តែងនូវអំណរគុណចំពោះថ្នាក់ដឹកនាំមន្ទីរពេទ្យទាំងអស់ ក៏ដូចជាក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលគ្រប់ផ្នែក ដែលបានកំពុងបំពេញនាទីជាកងទ័ពអាវសជួរក្រោយដោយឈរលើសាមគ្គីភាពជាធ្លុងមួយយកចិត្តទុកដាក់មិនរាថយបម្រើការថែទាំព្យាបាលអ្នកជំងឺគ្រប់ស្ថានការណ៍ ប្រកបដោយវិជ្ជាជីវៈ។

សូមបញ្ជាក់ថា នាសប្តាហ៍កន្លងមក ថ្នាក់ដឹកនាំ ក៏ដូចជាសមាជិក នៃសមាគមឧកញ៉ាកម្ពុជា ក៏បានចុះសួរសុខទុក្ខព្រមទាំងនាំយកនូវអំណោយជាថវិកា គ្រឿងឧបភោគបរិភោគផ្សេងៗជូនដល់ក្រុមគ្រួសារយោធិនពលីក្នុងសមរភូមិនាមូលដ្ឋានផ្ទាល់ដែលស្ថិតនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានាផងដែរ៕