បើគិតក្នុងឆមាសទី១ ឆ្នាំ២០២៥ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា- អេមីរ៉ាតអារ៉ាប់រួម សម្រេចបានសរុបប្រមាណ៤៧ លានដុល្លារអាម៉េរិក ខណៈភាគីទាំងពីរ ក៏បានប្តេជ្ញាជំរុញកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយទ្វេភាគីឱ្យកាន់តែខ្លាំងថែមទៀត។ នេះបើយោងតាមសិក្ខាសាលាផ្សព្វផ្សាយលើកទី២ ស្តីពីអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម កាលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥។

នាឱកាសនោះ លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម បានបន្តពង្រឹងមិត្តភាពដែលមានស្រាប់ជាប្រពៃណីរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម និងលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ តាមរយៈការធ្វើសេរីភាវូបនីយកម្មនៃពាណិជ្ជកម្មជាទំនិញ សេវា និងវិនិយោគ ក៏ដូចជាការធានាសង្គតិភាពនៃស្តង់ដារនិងអនុលោមភាព កិច្ចសម្រួលពាណិជ្ជកម្ម និងការលុបបំបាត់របាំងពាណិជ្ជកម្ម សំដៅជំរុញខ្សែច្រវាក់ផ្គត់ផ្គង់ សម្រួលដល់លំហូរពាណិជ្ជកម្ម និងលើកទឹកចិត្តការវិនិយោគ។ ដោយឡែក ក្នុងកម្រិតតំបន់ កិច្ចព្រមព្រៀងនេះអាចជួយឱ្យកម្ពុជាបន្តធ្វើពិពិធកម្មទីផ្សារនាំចេញទំនិញទៅកាន់តំបន់មជ្ឈិមបូព៌ា និងអាហ្រ្វិក ដែលមានអ្នកប្រើប្រាស់ជិត ២ពាន់លាននាក់។
លោកស្រី បានបង្ហាញពីសុទិដ្ឋិនិយមថាវិស័យឯកជនកម្ពុជានឹងអាចចូលរួមចំណែកយ៉ាងសំខាន់ក្នុងការប្រើប្រាស់ និងទាញយកអត្ថប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិសេដ្ឋកិច្ចឱ្យមានលក្ខណៈទូលំទូលាយ និងស៊ីជម្រៅ តាមរយៈពាណិជ្ជកម្មទំនិញនិងសេវាកម្ម វិនិយោគ និងធុរកិច្ចទ្វេភាគី ដែលស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល (ការធ្វើពិពិធកម្មសេដ្ឋកិច្ចនិងការពង្រឹងភាពប្រកួតប្រជែង) ព្រមទាំងចូលរួមចំណែកគាំទ្រដល់ដំណើរការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជា នៅឆ្នាំ២០២៩ ខាងមុខ។

តាមរយៈសិក្ខាសាលានេះ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួមក្នុងឆមាសទី១ នៃឆ្នាំ២០២៥ នេះ មានសរុបប្រមាណ ៤៧ លានដុល្លាអាម៉េរិក ដោយការនាំចេញមាន ៣៦ លានដុល្លារអាម៉េរិក និងនាំចូលមាន ១១ លានដុល្លារអាម៉េរិក ដោយក្នុងនោះ កម្ពុជានាំចេញសម្លៀកបំពាក់ ស្បែកជើង កាបូប កៅស៊ូធម្មជាតិ និងទំនិញផ្សេងៗទៀត និងនាំចូលមកវិញនូវរ៉ែប្រើជាគ្រឿងចំហេះ ផលិតផលប្លាស្ទិក ថ្នាំជក់ កៅស៊ូសំយោគ និងទំនិញផ្សេងទៀត៕អត្ថបទ៖ ហ្សាលីន


