ភ្នំពេញ៖ ស្ថានភាពសេដ្ឋកិច្ចពិភពលោកសម្រាប់ឆ្នាំ២០២៥ បានប្រឈមនឹងព្រឹត្តិការណ៍សំខាន់ៗ មួយចំនួន ដែលក្នុងរយៈពេលចុងក្រោយនេះ គឺការកើនឡើងនៃភាពតានតឹងពាណិជ្ជកម្ម តាមរយៈការដំឡើងពន្ធលើទំនិញនាំចូលរបស់សហរដ្ឋអាមេរិកពីប្រទេសចំនួន ៥០ ទូទាំងសាកលលោក និងការកើនឡើងនៃភាពមិនប្រាកដប្រជានៃគោលនយោបាយ។ ការណ៍នេះបានធ្វើឱ្យមូលនិធិរូបិយវត្ថុ អន្តរជាតិ (IMF) ព្យាករថា អត្រាកំណើនរបស់សេដ្ឋកិច្ចពិភពលោក នឹងកាត់បន្ថយដល់ ២,៨% ក្នុងឆ្នាំ២០២៥។

ចំពោះសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៥ ត្រូវបានព្យាករដោយសុទិដ្ឋិនិយមថានឹងកើនក្នុងរង្វង់ ៦,៣%។ សកម្មភាពសេដ្ឋកិច្ចនឹងគាំទ្រជាចម្បងដោយកំណើននៃការនាំចេញផលិតផលក្នុងវិស័យ កម្មន្តសាលកាត់ដេរ និងការកើនឡើងនៃផលិតផលកម្មន្តសាលមិនមែនកាត់ដេរ ក្រោមកិច្ចខិតខំប្រឹង ប្រែងរបស់រាជរដ្ឋាភិបាលក្នុងការធ្វើពិពិធកម្មទីផ្សារនិងផលិតផលនាំចេញ ហើយវិស័យទេសចរណ៍ នឹងបន្តងើបឡើងថែមទៀត ខណៈដែលវិស័យកសិកម្មបន្តមានកំណើនទាប។
ថ្លែងក្នុងពិធីសម្ពោធបើកដំណើរការជាផ្លូវការនូវអគារការិយាល័យកណ្តាលរបស់ធនាគារ ហត្ថា ម.ក នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ លោក រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ទោះពិភពលោកជួបបញ្ហាសេដ្ឋកិច្ចក៏ដោយ ក៏ប្រព័ន្ធធនាគារបន្តមានភាពរឹងមាំ និងបានរួមចំណែកគាំទ្រការស្តារឡើងវិញនៃសកម្មភាព សេដ្ឋកិច្ច នៅដើមឆ្នាំ២០២៥ នេះ។ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥ ទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មានចំនួន ៩៤,៦ ប៊ីលានដុល្លារអាមេរិក (កើនឡើង ៧,៧%) ប្រាក់បញ្ញើអតិថិជន មានចំនួន៥៨,៦ ប៊ីលានដុល្លារអាមេរិក (កើនឡើង ១៦,២%) និងឥណទានអតិថិជនទៅកាន់វិស័យចម្បងៗ មាន ចំនួន ៦០,៣ ប៊ីលានដុល្លារអាមេរិក (កើនឡើង ៣,០%)។

ជាមួយគ្នានេះ លោកបានបញ្ជាក់ថា ស្ថានភាពដើមទុននិង សន្ទនីយភាពរក្សាបានភាពរឹងមាំ ដែលឆ្លុះបញ្ចាំងដោយកម្រិតខ្ពស់នៃអនុបាតសាធនភាព (២២,៣% សម្រាប់គ្រឹះស្ថានធនាគារ និង ២៥,៨% សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ)និងកម្រិតខ្ពស់នៃអនុបាតក្របខ័ណ្ឌសន្ទនីយភាព(១៩៤,៨%សម្រាប់ធនាគារពាណិជ្ជនិង១៨៨,៧% សម្រាប់គ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ) ទោះបីជាអនុបាតឥណទានមិនដំណើរការមានការកើនឡើងបន្តិច (៧,៥% សម្រាប់ធនាគារពាណិជ្ជ និង ៦,៧% សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ) ដោយសារ សមតុល្យឥណទានដក់សល់ពីការរៀបចំឥណទានឡើងវិញអំឡុងពេលកូវីដ១៩ ការធ្វើចំណាត់ថ្នាក់ ឥណទានតាមបទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជាបន្ទាប់ពីបញ្ចប់រយៈពេលអនុគ្រោះ និងការថមថយកំណើនឥណទាន។
គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ បានបន្តចូលរួមលើកកម្ពស់បរិយាបន្ន ហិរញ្ញវត្ថុជាលំដាប់ ដោយបច្ចុប្បន្ន ចំនួនគណនីប្រាក់បញ្ញើអតិថិជនបានកើនឡើងដល់ ២៧,២ លាន គណនី និងគណនីឥណទានអតិថិជនកើនដល់ ៤,៣ លានគណនី។ ធនាគារជាតិនៃកម្ពុជាបានពង្រឹង ការត្រួតពិនិត្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុជាប្រចាំ តាមវិធីសាស្ត្រត្រួតពិនិត្យផ្អែកលើហានិភ័យ និងទស្សនៈអនាគត ជាមួយនឹងការអនុវត្តយុទ្ធសាស្រ្តចាកចេញពីវិបត្តិជាជំហានៗដើម្បីពង្រឹងភាពធន់នៃប្រព័ន្ធធនាគារនិងរក្សាស្ថិរភាពហិរញ្ញវត្ថុ៕