កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយជាមួយអេមីរ៉ាតអារ៉ាប់រួម កម្ពុជាអាចនាំទំនិញចូលក្នុងអត្រាពន្ធសូន្យ

សង្គម​ និង​សេដ្ឋកិច្ច

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម លោកស្រី តឹករ៉េត កំរង បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀមភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិង អេមីរ៉ាតអារ៉ាប់រួម ដែលបានចូលជាធរមានកាលពីថ្ងៃទី៣១ ខែមករាឆ្នាំ២០២៤កន្លងមកនេះ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រ និងជាឧត្តមប្រយោជន៍សម្រាប់ជាតិ។ តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជាអាចនាំចេញទំនិញសំខាន់ៗទៅទីផ្សារអេមីរ៉ាតអារ៉ាប់ជាមួយអត្រាពន្ធនាំចូលសូន្យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ក្នុងកម្រិតទ្វេភាគី កិច្ចព្រមព្រៀងខាងលើនេះបានបន្តពង្រឹងមិត្តភាពដែលមានស្រាប់ជាប្រពៃណីរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម និងលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ តាមរយៈការធ្វើសេរីភាវូបនីយកម្មនៃពាណិជ្ជកម្មជាទំនិញ សេវា និងវិនិយោគ ក៏ដូចជាការធានាសង្គតិភាពនៃស្តង់ដារនិងអនុលោមភាព កិច្ចសម្រួលពាណិជ្ជកម្ម និងការលុបបំបាត់របាំងពាណិជ្ជកម្មសំដៅជំរុញខ្សែច្រវាក់ផ្គត់ផ្គង់ សម្រួលដល់លំហូរពាណិជ្ជកម្ម និងលើកទឹកចិត្តការវិនិយោគ។

ដោយឡែក ក្នុងកម្រិតតំបន់ កិច្ចព្រមព្រៀងនេះអាចជួយឱ្យកម្ពុជាបន្តធ្វើពិពិធកម្មទីផ្សារនាំចេញទំនិញទៅកាន់តំបន់មជ្ឈិមបូព៌ា និងអាហ្រ្វិក ដែលមានអ្នកប្រើប្រាស់ជិត ២ពាន់លាននាក់។

លោកស្រីគូសបញ្ជាក់ថា “តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជាអាចនាំចេញទំនិញទៅទីផ្សារអេមីរ៉ាតអារ៉ាប់រួមជាមួយអត្រាពន្ធនាំចូលសូន្យលើមុខទំនិញសំខាន់ៗមួយចំនួនដូចជា ផលិតផលវាយនភ័ណ្ឌនិងសម្លៀកបំពាក់, កង់, បន្ទះសូឡា, គ្រឿងបង្គុំអេឡិចត្រូនិច, រថយន្តអគ្គិសនី, កៅស៊ូ (Latex), អង្ករ, ដំឡូងមី, គ្រាប់ស្វាយចន្ទី, ម្រេច, កាហ្វេ, បន្ទះខ្លឹមចន្ទន៍, បន្លែ, ផ្លែឈើ, និងអាហារកែច្នៃ ជាដើម។ បន្ថែមលើនេះ កិច្ចព្រមព្រៀងនេះ ក៏នឹងអនុញ្ញាតឱ្យក្រុមហ៊ុនកម្ពុជាអាចផ្គត់ផ្គង់សេវាកម្មសំខាន់ៗរួមមាន៖ សេវាកម្មវិជ្ជាជីវៈនិងធុរកិច្ច សេវាកម្មសំណង់និងវិស្វកម្ម សេវាកម្មបរិស្ថាន និងសេវាកម្មដទៃទៀត”។

ផ្អែកលើកិច្ចព្រមព្រៀងខាងលើនេះ លោកស្រី មានសុទិដ្ឋិនិយមថាវិស័យឯកជនកម្ពុជានឹងអាចចូលរួមចំណែកយ៉ាងសំខាន់ក្នុងការប្រើប្រាស់ និងទាញយកអត្ថប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិសេដ្ឋកិច្ចឱ្យមានលក្ខណៈទូលំទូលាយ និងស៊ីជម្រៅ តាមរយៈពាណិជ្ជកម្មទំនិញនិងសេវាកម្ម វិនិយោគ និងធុរកិច្ចទ្វេភាគី ដែលស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល (ការធ្វើពិពិធកម្មសេដ្ឋកិច្ចនិងការពង្រឹងភាពប្រកួតប្រជែង) ព្រមទាំងចូលរួមចំណែកគាំទ្រដល់ដំណើរការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជា នៅឆ្នាំ២០២៩ ខាងមុខ។

សូមបញ្ជាក់ផងដែរថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួមក្នុងឆមាសទី១ នៃឆ្នាំ២០២៥ មានសរុបប្រមាណ ៤៧ លានដុល្លាអាម៉េរិក ដោយការនាំចេញមាន ៣៦ លានដុល្លារ និងនាំចូលមាន ១១ លានដុល្លារដោយក្នុងនោះ កម្ពុជានាំចេញសម្លៀកបំពាក់ ស្បែកជើង កាបូប កៅស៊ូធម្មជាតិ និងទំនិញផ្សេងៗទៀត និងនាំចូលមកវិញនូវរ៉ែប្រើជាគ្រឿងចំហេះ ផលិតផលប្លាស្ទិក ថ្នាំជក់ កៅស៊ូសំយោគ និងទំនិញផ្សេងទៀត៕