ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា ភាគីនានាបានពិភាក្សាគ្នាអំពីលទ្ធភាពដែលប្រទេសរបស់លោក អាចនឹងទិញសព្វាវុធរបស់អាមេរិក ក្នុងតម្លៃ ៩០ពាន់លានដុល្លារ ដោយប្រើជំនួយរបស់អឺរ៉ុប ដើម្បីទទួលបានការធានាសន្តិសុខបន្ថែម។ នេះបើតាមករចុះផ្សាយពីសារព័ត៌មាន CNN។

ថែ្លងទៅកាន់អ្នកយកព័ត៌មាន បន្ទាប់ពីជំនួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំអឺរ៉ុប នៅសេតវិមាន កាលពីថ្ងៃទី១៨ ខែសីហា លោក Zelensky បាននិយាយថា ភាគីទាំងអស់ បានពិភាក្សាអំពីបញ្ហាធានាសន្តិសុខសម្រាប់អ៊ុយក្រែន រួមទាំងជម្រើសនៃការទិញអាវុធដែលមានតម្លៃសរុប ៩០ពាន់លានដុល្លារ ពីអាមេរិក ជាមួយនឹងមូលនិធិរបស់អឺរ៉ុប ផងដែរ។
តែទោះជាយ៉ាងណាក៏ដោយ មេដឹកនាំអ៊ុយក្រែន បានកត់សម្គាល់ថា បញ្ហានេះ នៅតែស្ថិតក្រោមការពិភាក្សា ហើយកិច្ចព្រមព្រៀងពេញលេញអាចនឹងត្រូវបានប្រកាស នៅក្នុងពេល ៧ ទៅ ១០ថ្ងៃ ខាងមុខ។
នៅមុនកិច្ចប្រជុំនេះ កាសែត The British Financial Times បានរាយការណ៍ថា អ៊ុយក្រែន បានសន្យាទិញអាវុធអាមេរិកចំនួន ១០០ពាន់លានដុល្លារ ដោយប្រើមូលនិធិអឺរ៉ុប ជាថ្នូរនឹងការធានាសន្តិសុខពីទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីទីក្រុងគៀវ បានឈានដល់កិច្ចព្រមព្រៀងសន្តិភាព ជាមួយរុស្ស៊ី។ សហរដ្ឋអាមរិក និងអ៊ុយក្រែន ក៏នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ៥០ពាន់លានដុល្លារ ផងដែរ ដើម្បីផលិតយន្តគ្មានមនុស្សបើក។
ជម្រាបជូនថា អ៊ុយក្រែន មិនបានបញ្ជាក់ពីប្រភេទសព្វាវុធដែលខ្លួនស្នើទិញនោះទេ ប៉ុន្តែខ្លួនបានបង្ហាញពីបំណងចង់បានប្រព័ន្ធការពារដែនអាកាស Patriot របស់អាមេរិកយ៉ាងហោចណាស់ ១០ គ្រឿង រួមទាំងកាំជ្រួច និងឧបករណ៍យោធាមួយចំនួនទៀត៕

