លោក ដាតុស្រ៊ី អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំនេះ នារសៀលថ្ងៃទី១៩ ខែសីហា នេះ បានពិភាក្សាតាមទូរស័ព្ទជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា អំពីការវិវត្តចុងនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ។

តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន នាយករដ្ឋមន្រីម៉ាឡែស៊ី លោកបានសរសេរដូច្នេះថា៖ «ខ្ញុំបាននិយាយជាមួយប្អូនប្រុស ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលនេះ ដើម្បីពិភាក្សាអំពីការវិវត្តចុងក្រោយទាក់ទងនឹងបទឈប់បាញ់រវាងកម្ពុជា និងថៃ។ យើងបានលើកផងដែរពីក្រុមអ្នកសង្កេតការណ៍អន្តរកាល(IOT) ដែលបាន និងកំពុងធ្វើការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់នៅតាមតំបន់ព្រំដែននៃប្រទេសជិតខាងទាំងពីរ និងក៏បានពិភាក្សាបន្ថែមអំពីវិធានការផ្សេងៗដែលអាចអនុវត្ត ដើម្បីបង្កើនប្រសិទ្ធភាពនៃបេសកកម្មត្រួតពិនិត្យរបស់អ្នកសង្កេតការណ៍អន្តរកាល(IOT)»។
សូមរម្លឹកថា កាលរសៀលថ្ងៃទី២៨ ខែកក្កដានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ទៅកាន់ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចូលរួមកិច្ចប្រជុំពិសេស ដើម្បីសម្រេចឱ្យមានបទឈប់បាញ់គ្នាបន្ទាន់ ដែលនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកម្ពុជា និងថៃ បានឯកភាពគ្នាតាមគំនិតផ្ដួចផ្ដើមរបស់ ឯកឧត្តម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ក្រោមកិច្ចសម្របសម្រួលពីប្រទេសម៉ាឡេស៊ីជាម្ចាស់ផ្ទះ ប្រទេសអាមេរិកជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងនៃប្រទេសចិន។
ជាលទ្ធផល បទឈប់បាញ់រវាងកម្ពុជា និងថៃ យល់ព្រមដោយគ្មានលក្ខខណ្ឌ ចាប់ពីម៉ោង១២ នាកណ្តាលអាធ្រាតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នេះតទៅ។យ៉ាងណាមិញ បើទោះជាកម្ពុជា បានអនុវត្តន៍បទឈប់បាញ់យ៉ាងខ្ជាប់ខ្ជួនក៏ដោយ ក៏ភាគីថៃនៅតែបង្កើតរឿងដើម្បីឈ្លានកម្ពុជាជាបន្តបន្ទាប់៕ អត្ថបទ៖ ហ្សាលីន


