រដ្ឋាភិបាល នៅតែបន្តបើកចំហចំពោះការវិនិយោគ​មកពី​គ្រប់​បណ្តា​ប្រទេស ខណៈសន្ទុះវិនិយោគកើនឡើង ៩៧%

សង្គម​និង​សេដ្ឋកិច្ច

ខណៈសន្ទុះវិនិយោគគម្រោងថ្មីនៅកម្ពុជា បានកើនឡើងរហូត ៩៧% រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តបើកចំហចំពោះការវិនិយោគ​មកពី​គ្រប់​បណ្តា​ប្រទេសទាំងអស់ ដើម្បីរក្សាបរិយាកាសវិនិយោគ ក៏ដូចជារក្សាភាពប្រកួតប្រជែងក្នុងគោលបំណងថែរក្សា​វិនិ​យោគិន ដែលមានស្រាប់ និងទាក់ទាញវិនិយោគិនថ្មីៗ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមប្រសាសន៍របស់ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ថ្លែងក្នុងវេទិកាសារព័ត៌មាន ដែលរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា កាលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ។

នាឱកាសនោះ លោក ស៊ុន ចាន់ថុល បានលើកឡើងថា ការអូសទាញអ្នកវិនិយោគបរទេសឱ្យមកវិនិយោគនៅកម្ពុជា គឺជាបំណងដ៏ធំធេងរបស់​រាជរដ្ឋាភិបាលអាណត្តិទី៧។ ជាក់ស្តែងរាល់បេសកកម្មនៅក្រៅប្រទេសម្តងៗ សម្តេច​ធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងជួបអ្នកវិនិយោគ ដើម្បីបង្ហាញនូវ​ទិដ្ឋភាពអំណោយផល សក្តានុពលរបស់កម្ពុជាបញ្ចុះបញ្ចូលឱ្យចាប់អារម្មណ៍ដាក់ទុនវិនិ​យោគនៅកម្ពុជា ឬពង្រីកការវិនិយោគនៅកម្ពុជាបន្ថែមទៀត។

ជាមួយគ្នានេះ លោកថា រាជរដ្ឋាភិបាលកម្ពុជា ក៏បន្តបើកចំហចំពោះការវិនិយោគ​មកពី​គ្រប់​បណ្តា​ប្រទេសទាំងអស់ ដោយឈរលើភាពបត់បែន និងភាពជាក់ស្តែងនិយម និងការដាក់ចេញគោល​នយោបាយ​ក្នុងការឆ្លើយតប និងដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិន ដែលកំពុងធ្វើប្រតិបត្តិ​អាជី​វ​កម្ម​នៅកម្ពុជា ដើម្បីរក្សាបរិយាកាសវិនិយោគ ក៏ដូចជារក្សាភាពប្រកួតប្រជែងក្នុងគោលបំណងថែរក្សា​វិនិ​យោគិន ដែលមានស្រាប់ និងទាក់ទាញវិនិយោគិនថ្មីៗ។

គួរបញ្ជាក់ដែរថា បើតាមការបញ្ជាក់ពីក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា រយៈពេល៤ខែ ឆ្នាំ២០២៤ ពោលគឺចាប់ពីខែមករា ដល់មេសា ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បានអនុម័តគ​ម្រោ​ង​​សរុបបានចំនួន១២៨ គម្រោង ដែលចំនួននេះមានការកើនឡើង ៩៧ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូ​ចគ្នាកាលពីឆ្នាំ២០២៣។

ក្នុងចំណោមគ​ម្រោ​ង​​ទាំងចំនួន១២៨ គម្រោងនោះ គឺមានទំហំទុនវិនិយោគសរុបមាន១.៩ពាន់លានដុល្លារអាមេរិក។ ដោយឡែក ក្នុងរយៈពេល៨ខែ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងសរុបបានចំនួន២៣២ ដែលមានទំហំទុនវិនិយោគសរុបមានជាង៥ពាន់លានដុល្លារអាមេរិក។

ចំពោះកត្តាដែលធ្វើឱ្យកម្ពុជាជោគជ័យ ក្នុងការទាញអ្នកវិនិយោគ គឺដោយសារតែកម្ពុជាសុខសន្តិភាព ស្ថេរភាពនយោបាយ មានលំនឹងម៉ាក្រូសេដ្ឋកិច្ច កត្តាភូមិសាស្រ្ត មិនមានការរើសអើងអ្នកវិនិយោគ និងមានកម្លាំងយុវជនដែលមានអាយុតិចជាង២៥ឆ្នាំ មានប្រមាណ៦៥ភាគរយ៕ អត្ថបទ៖ រង្សី