សេតវិមាន កាលពីពេលថ្មីៗនេះ បានបើកដំណើរការគណនី TikTok ផ្លូវការ ដោយទាញយកអត្ថប្រយោជន៍ពីកម្មវិធីវីដេអូកម្សាន្តខ្លីដែលមានអ្នកប្រើប្រាស់ជាង ១៧០ លាននាក់ នៅសហរដ្ឋអាមេរិក ដើម្បីផ្សព្វផ្សាយសាររបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះពើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

គួរឲ្យដឹងថា គណនីថ្មីមួយ ឈ្មោះថា @whitehouse បានចេញផ្សាយបន្តផ្ទាល់ជាលើកដំបូង កាលពីល្ងាចថ្ងៃអង្គារ ជាមួយនឹងវីដេអូរបស់ប្រធានាធិបតីអាមេរិក លោក ត្រាំ នៅពេលរូបលោកប្រកាសថា ៖”ខ្ញុំគឺជាសំឡេងរបស់អ្នក។ អាមេរិកយើងត្រលប់មកវិញហើយ! ស្វាគមន៍មកកាន់ TikTok”។
យ៉ាងណាមិញ ជុំវិញការប្រកាសនេះ បានកើតឡើងចំពេលកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងថា ទីន្នន័យរបស់អ្នកប្រើប្រាស់ TikTok របស់សហរដ្ឋអាមេរិក អាចនឹងធ្លាក់ទៅក្នុងដៃរបស់រដ្ឋាភិបាលចិន។ ស្របពេលលោក ត្រាំ បាននិងកំពុងធ្វើការលើកិច្ចព្រមព្រៀងមួយ សម្រាប់អ្នកវិនិយោគអាមេរិក ដើម្បីទិញយក TikTok មកគ្រប់គ្រង ពីក្រុមហ៊ុនមេ ByteDance របស់ប្រទេសចិន។
ជម្រាបជូនថា កន្លងមកលោក ត្រាំ បានប្រើគណនី TikTok មានឈ្មោះថា @realdonaldtrump ដោយមានអ្នកតាមដានច្រើនជាង ១៥ លាននាក់ សម្រាប់យុទ្ធនាការបោះឆ្នោតរបស់លោក កាលពីឆ្នាំមុន។ ប្រធានាធិបតីមកពីបក្សសាធារណរដ្ឋរូបនេះ ក៏ពឹងផ្អែកយ៉ាងខ្លាំងលើគណនី Truth Social របស់លោកផងដែរ ដើម្បីបញ្ជូនសារ។
ទន្ទឹមនឹងនេះ អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បាននិយាយផងដែរថា ការបង្កើតគណនី TikTok របស់សេតវិមាននេះឡើង គឺរដ្ឋបាលលោក ត្រាំ ប្តេជ្ញាក្នុងការបន្តរក្សាទំនាក់ទំនងជាប្រវត្តិសាស្ត្រដែលប្រធានាធិបតី បានផ្តល់ជូនដល់ប្រជាជនអាមេរិក ជាមួយនឹងវេទិកាជាច្រើន តាមដែលអាចធ្វើទៅបាន៕

