រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសកំណត់យកថ្ងៃទី១២ ខែឧសភា ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។នេះបើយោងអនុក្រឹត្យ ស្តីពី ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ និងហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ការកំណត់យកថ្ងៃទី១២ ខែឧសភា ជារៀងរាល់ឆ្នាំ ជាថ្ងៃប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា គឺធ្វើឡើងក្នុងគោលបំណងលើកតម្កើងវីរភាពដ៏អង់អាចនិងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដើម្បីបុព្វហេតុជាតិមាតុភូមិ។
អនុក្រឹត្យខាងលើ ក៏បានណែនាំឱ្យគ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល គ្រឹះស្ថានសាធារណៈនិងឯកជន និងភាគីពាក់ព័ន្ធ ចូលរួមបំផុសស្មារតីគាំទ្រទិវានេះដល់សាធារណជនដើម្បីឱ្យយល់ដឹងអំពីគុណតម្លៃនិងគំរូវីរភាពរបស់អតីតយុទ្ធជន និងនិវត្តជននៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ជាងនេះទៀត រាជរដ្ឋាភិបាល ក៏បានណែនាំទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវរៀបចំទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជារៀងរាល់ឆ្នាំ ដោយសហការជាមួយទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល ព្រមទាំងភាគីពាក់ព័ន្ធផងដែរ៕ អត្ថបទ៖ ហ្សាលីន

