ក្រុមហ៊ុនមហាសេដ្ឋី Elon Musk បន្តប្តឹង Apple និង OpenAI ពីបទសមគំនិតគ្នានៅលើ App Store

អន្តរជាតិ

ក្រុមហ៊ុនបញ្ញាសិប្បនិម្មិត xAI របស់មហាសេដ្ឋីមានដាច់គេ Elon Musk បានដាក់ពាក្យប្តឹងក្រុមហ៊ុន Apple និង OpenAI ទៅកាន់តុលាការសហព័ន្ធសហរដ្ឋអាមេរិក នៅក្នុងរដ្ឋតិចសាស់ កាលពីថ្ងៃចន្ទ ដោយចោទប្រកាន់ក្រុមហ៊ុនទាំងពីរនេះថាបានលួចសមគំនិតគ្នាដោយខុសច្បាប់ ដើម្បីរារាំងការប្រកួតប្រជែងដោយយុត្តិធម៌ នៅលើ App Store។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងពាក្យបណ្តឹងនោះ ក្រុមហ៊ុន xAI បាននិយាយថា ទាំង Apple និង OpenAI បានបិទទីផ្សារប្រកួតប្រជែង ដើម្បីរក្សាភាពផ្តាច់មុខរបស់ពួកគេ និងថែមទាំងបន្តទម្លាក់ X និង xAI ចេញពីការប្រកួតប្រជែងផងដែរ។

គួរឲ្យដឹងផងដែរថា Apple នៅក្នុងភាពជាដៃគូជាមួយ OpenAI បានដាក់បញ្ចូល ChatGPT ទៅក្នុងប្រព័ន្ធប្រតិបត្តិការរបស់ខ្លួន សម្រាប់ iPhones, iPads និង Macs ជាដើម ស្របពេលកម្មវិធី Grok របស់ xAI ហាក់មិនត្រូវបានបង្ហាញឲ្យឃើញទូលំទូលាយ នៅលើ App Store នោះឡើយ។

យ៉ាងណាមិញ នៅក្នុងពាក្យបណ្តឹងនោះ xAI បាននិយាយថា ខ្លួនកំពុងស្វែងរកការទាមទរសំណងខូចខាតជាច្រើនពាន់លានដុល្លារ។ ប៉ុន្តែជុំវិញបញ្ហានេះ អ្នកនាំពាក្យរបស់ OpenAI បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បណ្តឹងនេះគ្រាន់តែផ្នែកមួយនាំឲ្យមានការរំខាន ពីសំណាក់ Elon Musk ប៉ុណ្ណោះ ហើយពាក្យបណ្តឹងនេះ ក៏គ្មានមូលដ្ឋានច្បាប់ ច្បាស់លាស់ផងដែរ។

ដោយឡែកសម្រាប់ក្រុមហ៊ុន Apple វិញ ហាក់នៅមិនទាន់បានចេញសេចក្តីថ្លែងការណ៍ណាមួយ ជុំវិញពាក្យបណ្តឹងរបស់ xAI នេះនៅឡើយនោះទេ៕​