ប៉ូឡូញនឹងក្លាយជាប្រទេសដែលកាន់កាប់មាសធំជាងគេទី១០ របស់ពិភពលោកបន្ទាប់ពីធនាគារកណ្តាលរបស់ខ្លួន (NBP) បានប្រកាសពីផែនការបង្កើនទុនបម្រុងមាសបន្ថែមទៀតរហូតដល់ ៧០០ តោន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន NFP។

បច្ចុប្បន្ន NBP កាន់កាប់មាសចំនួន ៥៥០ តោន ដែលជាទុនបម្រុងធំជាងគេទី១២ ក្នុងចំណោមធនាគារកណ្តាលរបស់ពិភពលោក។ តែទោះជាយ៉ាងណាក៏ដោយ ការបង្កើនចំនួននោះដល់ ៧០០ តោន តាមតួលេខបច្ចុប្បន្ន នឹងធ្វើឱ្យប្រទេសនេះនាំមុខប្រទេសហូឡង់ (៦១២,៥ តោន) និងតួកគី (៦៤១,៣ តោន)។
ទន្ទឹមនឹងនេះ យោងតាមលោក Adam Glapinski អភិបាលធនាគារជាតិប៉ូឡូញ បានប្រកាសនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃទី២០ ថា ៖”នេះនឹងធ្វើឱ្យប្រទេសប៉ូឡូញស្ថិតក្នុងចំណោមប្រទេសកំពូលទាំងដប់ដែលមានទុនបម្រុងមាសធំជាងគេបំផុតនៅលើពិភពលោក”។
ប្រទេសប៉ូឡូញបានបង្កើនល្បឿនក្នុងការប្រមូលទិញមាសរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នៅឆ្នាំ១៩៩៦ NBP កាន់កាប់មាសត្រឹមតែ ១៤ តោនប៉ុណ្ណោះ។ នៅឆ្នាំ២០១៦ ជាឆ្នាំដែលលោក Glapinski បានក្លាយជាអភិបាលធនាគារ ហើយទុនបម្រុងមាសបានកើនឡើងដល់ ១០២ តោន។ ក្នុងរយៈពេលមួយទសវត្សចាប់តាំងពីពេលនោះមក តួលេខនេះបានកើនឡើងជាងប្រាំដង។
ជម្រាបជូនថា យោងតាមទិន្នន័យពីក្រុមប្រឹក្សាមាសពិភពលោក ដែលជាសមាគមពាណិជ្ជកម្មអន្តរជាតិសម្រាប់ឧស្សាហកម្មមាស ក្នុងរយៈពេល ១១ខែដំបូងនៃឆ្នាំមុន NBP បានបន្ថែមមាសទៅក្នុងទុនបម្រុងរបស់ខ្លួន ៩៥តោន ដែលច្រើនជាងធនាគារកណ្តាលផ្សេងទៀតនៅទូទាំងពិភពលោក៕

