ប្រទេសជប៉ុន និងកូរ៉េខាងត្បូង កាលពីពេលថ្មីៗនេះ ត្រូវបានគេរាយការណ៍ថា បានយល់ព្រមបោះទុនវិនិយោគក្នុងចំនួនទឹកប្រាក់រហូតដល់ទៅ ៩០០ពាន់លានដុល្លារ នៅទឹកដីសហរដ្ឋអាមេរិក ក្នុងគោលបំណងធ្វើឲ្យប្រធានាធិបតី លោក ដូណាល់ ត្រាំ កាត់បន្ថយពន្ធគយនាំចូល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ដោយថ្លែងទៅកាន់សារព័ត៌មាន Fox News កាលពីថ្ងៃទី២៥ ខែសីហា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Howard Lutnick បាននិយាយថា សេតវិមាន នឹងប្រកាសពីការវិនិយោគរបស់ជប៉ុនចំនួន ៥៥០ពាន់លានដុល្លារ នៅចុងសប្តាហ៍នេះ ដែលត្រូវបានគេរំពឹងថានឹងផ្តោតលើការផលិត ដូចជា បន្ទះឈីប Semiconductors ថ្នាំអង់ទីប៊ីយូទិច ឬរ៉ែកម្រ នៅអាមេរិក។
ជាមួយគ្នានេះ ប្រទេសកូរ៉េខាងត្បូង ក៏បានសន្យាបោះទុនវិនិយោគទឹកប្រាក់ ៣៥០ពាន់លានដុល្លារ នៅសហរដ្ឋអាមេរិក ផងដែរ។ មន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូងម្នាក់ បាននិយាយថា ភាគីទាំងពីរ បានសម្រេចចិត្តបង្កើតកិច្ចព្រមព្រៀងមិនជាប់កាតព្ធកិច្ច ដើម្បីកំណត់យន្តការប្រតិបត្តិការ និងរចនាសម្ព័ន្ធនៃកញ្ចប់ថវិកានេះ។
ជុំវិញចំនួនទឹកប្រាក់វិនិយោគដ៏ច្រើននេះ ត្រូវបានគេរំពឹងថានឹងផ្តោតលើវិស័យឧស្សាហកម្មយុទ្ធសាស្រ្ត ដូចជា រ៉ែសំខាន់ៗ បន្ទះឈីប ឱសថ និងបញ្ញាសិប្បនិម្មិតជាដើម។ លើសពីនេះ ទឹកប្រាក់ចំនួន ១៥០ពាន់លានដុល្លារ នឹងត្រូវប្រើប្រាស់សម្រាប់ការកសាងនាវា។
ជម្រាបជូនផងដែរថាកាលពីខែមុន រដ្ឋាភិបាលទីក្រុងសេអ៊ូល បានយល់ព្រមជាមួយក្រុងវ៉ាស៊ីនតោន លើការសន្យាវិនិយោគជាថ្នូរនឹងការកាត់បន្ថយពន្ធរបស់សហរដ្ឋអាមេរិក។ ប៉ុន្តែទោះជាយ៉ាងណាភាគីទាំងពីរនៅតែមានភាពផ្ទុយគ្នាលើព័ត៌មានលម្អិតនៃផែនការនេះ រួមទាំងរបៀបដែលប្រាក់ចំណេញនឹងត្រូវបានចែករំលែក ផងដែរ៕

