គណៈប្រតិភូសភាអាមេរិក បានបញ្ជាក់នូវជំហររបស់ខ្លួនជាថ្មីថា នឹងគាំទ្របទឈប់បាញ់កម្ពុជា-ថៃឱ្យវិលទៅរកសន្តិភាព និងស្ថិរភាពឡើងវិញ ខណៈអាមេរិក ក៏បានកោតសរសើរចំពោះកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់របស់កម្ពុជាផងដែរ។

នេះបើយោងតាមជំនួបពិភាក្សារវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ជាមួយលោកស្រី Beth Van Duyne សមាជិកសភាប្រចាំរដ្ឋ Texas រួមនឹងលោកវេជ្ជបណ្ឌិតRichard McCormick សមាជិកសភាប្រចាំរដ្ឋGeorgia និងលោក Suhas Subraanyam សមាជិកសភាប្រចាំរដ្ឋ Virginia កាលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥។
ក្នុងជំនួបនោះលោកស្រី Beth Van Duyne បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ ការធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច អត្រាអតិផរណាទាប ដែលកម្ពុជាសម្រេចបានក្នុងរយៈពេលប៉ុន្មានទសវត្សនេះ។ តំណាងគណៈប្រតិភូសភាអាមេរិករូបនេះ ក៏បានបញ្ជាក់ពីជំហរបស់សហរដ្ឋអាមេរិកក្នុងការគាំទ្របទឈប់បាញ់ និងវិលទៅរកសន្តិភាព និងស្ថិរភាពឡើងវិញ ហើយសហរដ្ឋអាមេរិកនឹងបន្តយកចិត្តទុកដាក់តាមដានលើការងារនេះផងដែរ។
ជាការឆ្លើយតប សម្តេចធិបតីក៏បានជម្រាបជូនអំពីវឌ្ឍនភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ រួមទាំងការអនុវត្តបទឈប់បាញ់ផងដែរ សំដៅឈានទៅរកការស្តារឡើងវិញនូវនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
សម្តេចក៏ថ្លែងអំណរគុណចំពោះលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump ដែលបានសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃបានឆាប់រហ័ស។ បទឈប់បាញ់នេះបានជួយសង្រ្គោះអាយុជីវិតជាច្រើននាក់។ ហេតុនេះហើយបានកម្ពុជាស្នើ លោកប្រធានាធិបតី សម្រាប់ពានរង្វាន់ណូបែលសន្តិភាព ដែលស្របតាមសំណូមពររបស់ពលរដ្ឋខ្មែរក្នុងនិងក្រៅប្រទេស ដើម្បីជាការថ្លែងអំណរគុណចំពោះលោក ដែលបានយកចិត្តទុកដាក់ដោយផ្ទាល់ ផ្ដួចផ្ដើមនិងជំរុញឱ្យមានបទឈប់បាញ់នេះ។
ជាមួយគ្នានេះ សម្ដេច ក៏ថ្លែងអំណរគុណរដ្ឋាភិបាលអាមេរិក ដោយបានសម្រេចទម្លាក់អត្រាពន្ធលើការនាំចូលទំនិញកម្ពុជា មកនៅត្រឹម១៩% កាលថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ផងដែរ។
សូមជម្រាបថា តាមរយៈជំនួនខាងលើ សភាអាមេរិក ក៏បានសម្ដែងការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ជាពិសេសលើវិស័យពាណិជកម្ម និងវិនិយោគផងដែរ ខណៈសភាអាមេរិក ក៏បាន ប្ដេជ្ញាចូលរួមចំណែកដល់ការពង្រឹងនិងពង្រីកទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត៕ អត្ថបទ៖ ហ្សាលីន



