រយៈពេល៨ខែ ឆ្នាំ២០២៥នេះ គ្រឹះស្ថានអង្គរប្រមូលចំណូលបានជាង៣១លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គរ។ នេះបើតាមរបាយការណ៍គ្រឹះស្ថានអង្គរ។

របាយការណ៍គ្រឹះស្ថានអង្គរបានឱ្យដឹងថា រយៈពេល៨ខែ ឆ្នាំ២០២៥នេះ ចំនួនភ្ញៀវទេសចរទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ៦៦៩ ៦១៩នាក់ កើនឡើង២,៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯចំណូលដែលទទួលបានរយៈពេល៨ខែនេះមានសរុប ៣១ ០៦៨ ៧៤៣ដុល្លារ កើនឡើង ២,៤២% បើធៀបនឹងឆ្នាំមុន។
ដោយឡែក សម្រាប់ខែសីហាវិញ ទេសចរទិញសំបុត្រមានចំនួន ៥០ ៨៤៨នាក់ ថយចុះ ២៤,៦៥% ប្រមូលចំណូលបាន ២ ៤២៥ ៣៣៦ដុល្លារ ថយចុះ ២៣,១៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
គួររម្លឹកដែរថា កាលពីឆ្នាំ២០២៤ គ្រឹះស្ថានអង្គរ បានលក់បណ្ណជូនភ្ញៀវទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន១ ០២៣ ៦៨៨នាក់ និងទទួលបានទឹកប្រាក់ចំនួន ៤៧ ៨២៦ ៩៨១ ដុល្លារ៕


