ផលិតផលអំបិលកំពត-កែប ចូលមកដល់ខែសីហានិងខែកញ្ញានេះបាននិងកំពុងទទួលបានការចាប់អារម្មណ៍ពីប្រជាពលរដ្ឋនៅក្នុងស្រុកច្រើន ពិសេសពលរដ្ឋរស់នៅតាមបណ្តាខេត្តមួយចំនួន បានធ្វើការបញ្ជាទិញយកទៅប្រើប្រាស់ជាបន្តបន្ទាប់ ក្រោយពីរាជរដ្ឋាភិបាលបិទមិនឱ្យមានការនាំចូលពីថៃ។

លោក ប៊ុន ណារិន ប្រធានសមាគមអ្នកផលិតអំបិលកំពត-កែបបានឱ្យដឹងថា អស់រយៈពេល១០ឆ្នាំហើយ អំបិលកំពត-កែប មិនដែលមានប្រជាពលរដ្ឋរស់នៅខេត្តបន្ទាយមានជ័យ និងខេត្តប៉ោយប៉ែតបញ្ជាទិញឬសួរនាំទិញអំបិលកំពតទេ។ ប៉ុន្តែសព្វថ្ងៃនេះពួកគាត់បានសម្រុកកំម្ម៉ង់ទិញអំបិលពីខាងសមាគមជាបន្តបន្ទាប់។
លោកគូសបញ្ជាក់ថា “ឥឡូវនេះបងប្អូខ្មែររស់នៅខេត្តបន្ទាយមានជ័យ និងប៉ោយប៉ែតពួកគាត់មានតម្រូវការអំបិលក្នុងស្រុកច្រើន ស្របពេលដែលខាងសមាគមទម្លាក់តម្លៃអំបិលមកទាប ក្នុងន័យខ្មែរជួយខ្មែរដើម្បីឱ្យគាត់យកទៅប្រើប្រាស់ទាន់ពេល ព្រោះអំបិលពីប្រទេសជិតខាងត្រូវបានបិទមិនឱ្យនាំចូល”។
បើតាមប្រធានសមាគម ស្ថិតក្នុងកាលៈទេសៈនេះមិនថាអ្នកផលិតអំបិល ឬអ្នកប្រើប្រាស់នោះទេ ត្រូវមានការយោគយល់គ្នា ហើយក្នុងនាមជាប្រធានសមាគមមានការត្រេកអរជាខ្លាំងនៅពេលប្រជាពលរដ្ឋរស់នៅតំបន់ជាប់ព្រំដែនថៃបានងាកមកធ្វើការបញ្ជាទិញអំបិលកំពត កែប យកទៅប្រើប្រាស់បែបនេះ។ តួយ៉ាងជាង១ខែកន្លងមកនេះ (សីហា) សមាគមអ្នកផលិតអំបិលកំពត កែប បានផ្គត់ផ្គង់ទៅលើទីផ្សារបាន៥តោនទៅ៦តោន ហើយសព្វថ្ងៃនេះពេលខ្លះយើងរៀបចំវេចខ្ចប់ផ្គត់ផ្គង់ជូនពួកគាត់មិនទាន់ថែមទៀតផង ខណៈកាលពីមុនៗតម្រូវការប្រើប្រាស់មានចំនួនតិចតួច។

លោក ប៊ុន ណារិន បានសង្កត់ធ្ងន់ថា “ខ្ញុំគិតថាប្រសិនបើប្រជាពលរដ្ឋខ្មែរ មានជាតិនិយមបានត្រឹមតែ៨០ភាគរយនៃប្រជាពលរដ្ឋសរុបនៅទូទាំងប្រទេសប្រើប្រាស់ផលិតផលក្នុងស្រុក វាធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាកើនឡើងខ្ពស់ ហើយក្នុងនាមជាផលិតករអំបិលក្នុងស្រុក យើងក៏មានកម្លាំងចិត្តផលិតអំបិលបន្តទៀតដែរ ព្រោះអ្នកផលិតអំបិលនៅទទួលបានប្រាក់ចំណេញតិចតួចសម្រាប់ទ្រទ្រង់គ្រួសារ”។
បើតាមលោក ប៊ុន ណារិន, ឆ្នាំ២០២៥នេះ សមាគមអ្នកផលិតអំបិលកំពត កែប ផលិតអំបិលបានប្រមាណ២ទៅ៣ម៉ឺនតោន បូករួមជាអំបិលស្តុកពីមុន៤ម៉ឺន សរុបមានប្រមាណ៧ម៉ឺនតោន។ ប៉ុន្តែនៅខែសីហាឆ្នាំ២០២៥នេះសមាគមបានបញ្ចេញអំបិលមានបិរមាណច្រើនទៅលើទីផ្សារក្នុងស្រុក៕


