ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញមុខច្រានចោលជុំវិញពាក្យចចាមអារ៉ាមដែលនិយាយថាលោកកំពុងឈឺធ្ងន់ធ្ងរ ឬអាចបាត់បង់ជីវិតបាត់ទៅហើយ ដោយអះអាងថាលោកជាប់ភារកិច្ចរវល់ខ្លាំង នៅចុងសប្តាហ៍។ នេះបើការចុះផ្សាយពីសារព័ត៌មាន Fox News។

ជុំវិញពាក្យចចាមអារ៉ាមអំពីបញ្ហសុខភាពរបស់លោក ត្រាំ នេះ ត្រូវបានលេញចេញឡើង កាលពីថ្ងៃទី២៩ ខែសីហា បន្ទាប់ការបាត់ដំណឹងអំពីវត្តមានរបស់លោក រួមទាំងលេចធ្លាយនូវរូបភាពចាស់ៗ អំពីស្លាកស្នាមជាំនៅលើដៃរបស់លោក ហើយត្រូវបានចែកចាយពាសពេញប្រព័ន្ធផ្សព្វផ្សាយសង្គម រហូតទាក់ទាញអ្នកទស្សនារាប់លាននាក់។
យ៉ាងណាមិញ ក្នុងអំឡុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី២ ខែកញ្ញា អ្នកសារព័ត៌មានម្នាក់ បានសួរទៅកាន់លោក ត្រាំ ថាតើលោកមានអារម្មណ៍បែបណា នៅពេលបានលឺអំពីពាក្យចចាមអារ៉ាមថា លោកបានលាកចាកលោកទៅហើយនោះ។ ប្រធានាធិបអាមេរិករូបនេះ បានឆ្លើយតបវិញថា លោកបានឮដំណឹងនេះពីមន្ត្រីថ្នាក់ក្រោមរបស់លោក ដែលថាលោកមានបញ្ហាសុខភាព ប៉ុន្តែលោកមិនដឹងថា ធ្ងន់ធ្ងររហូតដល់បាត់បង់ជីវិតនោះឡើយ។
លោក ត្រាំ បានបញ្ជាក់បន្ថែមទៀតថា៖” ខ្ញុំមិនមានកាលវិភាគធ្វើការសម្រាប់រយៈពេលពីរថ្ងៃកន្លងមកនេះទេ ដូច្នេះហើយទើបពួកគេនិយាយថា ខ្ញុំមានបញ្ហាសុភាពធ្ងន់ធ្ងរ។ ខ្ញុំរវល់ខ្លាំងណាស់ ក្នុងអំឡូងពេលចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកទិវាពលកម្មអាមេរិក”។
ទន្ទឹមនឹងនេះ លេខាធិការសារព័ត៌មានសេតវិមាន លោកស្រី Karoline Leavitt បានពន្យល់កាលពីខែកក្កដាថា លោក ត្រាំ មានស្នាមជាំនៅលើដៃរបស់គាត់ដោយសារតែ ការចាប់ដៃញឹកញាប់ពេក និងការប្រើប្រាស់ថ្នាំអាស្ពីរីន។ ជើងរបស់គាត់ក៏ហើមបន្តិចដែរ ដោយសារជំងឺសរសៃឈាមវ៉ែនរ៉ាំរ៉ៃ ដែលវាជារឿងធម្មតានោះទេ៕

