យោងតាមរបាយការណ៍ចុងក្រោយមួយ បានបង្ហាញឲ្យដឹងថានៅថ្ងៃទី២៦ ខែវិច្ឆិកាថា និយតកររបស់ប្រទេសចិន បានធ្វើការហាមឃាត់ក្រុមហ៊ុន ByteDance ដែលជាអ្នកបង្កើតកម្មវិធីកម្សាន្ត TikTok មិនឲ្យប្រើប្រាស់បន្ទះឈីប Nvidia នៅក្នុងមជ្ឈមណ្ឌលផ្ទុកទិន្នន័យថ្មីរបស់ពួកគេនោះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ប្រភពដដែលនេះ បានរាយការណ៍ទៀតថា ByteDance បានទិញបន្ទះឈីប Nvidia ច្រើនជាងក្រុមហ៊ុនរបស់ចិនដដទៃទៀត នៅក្នុងឆ្នាំ២០២៥ នេះ ខណៈពេលដែលពួកគេកំពុងព្យាយាមប្រណាំងប្រជែង ដើម្បីធានាដល់ការផ្ទុកទិន្នន័យ សម្រាប់អ្នកប្រើប្រាស់កម្មវិធីជាងមួយពាន់លាននាក់របស់ខ្លួន ចំពេលមានការព្រួយបារម្ភថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន អាចនឹងទប់ស្កាត់ការផ្គត់ផ្គង់ទៅលើបន្ទះឈីបទាំងនេះ។
យ៉ាងណាមិញ ជុំវិញផែនការហាមឃាត់ចុងក្រោយនេះ បានបង្ហាញពីការខិតខំប្រឹងប្រែងរបស់ទីក្រុងប៉េកាំង ក្នុងការកាត់បន្ថយការពឹងផ្នែកលើបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក ដែលជាយុទ្ធនាការដ៏សំខាន់មួយ នៅពេលដែលទីក្រុងវ៉ាស៊ីនតោនរឹតបន្តឹងលើការនាំចេញឧបករណ៍អេឡិចត្រូកនិកទំនើប មកកាន់ប្រទេសចិន។
គួរឲ្យដឹងផងដែរថា កាលពីខែសីហា និយតករចិន បានស្នើសុំឲ្យក្រុមហ៊ុនក្នុងស្រុកបញ្ឈប់ការបញ្ជាទិញថ្មីៗនៃបន្ទះឈីប AI របស់ក្រុមហ៊ុន Nvidia ហើយចាប់តាំងពីពេលនោះមកបានជំរុញឲ្យក្រុមហ៊ុនបច្ចេកវិទ្យានានាទទួលយកប្រព័ន្ធដំណើរការក្នុងស្រុកជំនួសវិញ។
មិនតែប៉ុណ្ណោះ រដ្ឋាភិបាលចិន ក៏បានចេញសេចក្តីណែនាំដែលតម្រូវឲ្យគម្រោងបង្កើតមជ្ឈមណ្ឌលផ្ទុកទិន្នន័យថ្មីដែលទទួលបានមូលនិធិរដ្ឋណាមួយ ចាំបាច់ត្រូវប្រើប្រាស់តែបន្ទះឈីបបញ្ញាសិប្បនិម្មិត ដែលផលិតក្នុងស្រុកប៉ុណ្ណោះ៕

