ក្រុមហ៊ុន Toyota Tsusho Corporation ដែលជាក្រុមហ៊ុនធំមួយរបស់ជប៉ុន បានលើកឡើងថា ក្រុមហ៊ុននឹងពង្រីកខ្សែចង្វាក់ផលិតកម្មរបស់ខ្លួនបន្ថែមទៀតនាពេលខាងមុខនេះ បន្ទាប់ពីមានតម្រូវការបញ្ជាទិញខ្ពស់របស់អតិថិជនកម្ពុជាកាន់តែកើនឡើង។

នេះបើយោងតាមការបញ្ជាក់របស់លោក Harada Shigeru, Division CEO ក្រុមហ៊ុន Toyota Tsusho Co., LTD (Japan) ក្នុងជំនួបពិភាក្សាជាមួយលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅទីក្រុងអូសាកា ប្រទេសជប៉ុន កាលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥។
នាឱកាសនោះ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងអំណរគុណក្រុមហ៊ុន Toyota ដែលបានជ្រើសរើសមកបណ្តាក់ទុកវិនិយោគដំណើរការរោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតានៅកម្ពុជា ដែលបានផ្តល់ឱកាសការងារជាច្រើនកន្លែងដល់ប្រជាជនកម្ពុជា ក៏ដូចជាការផ្ទេរបច្ចេកវិទ្យាជាដើម។ លោកស្រី បានគូសបញ្ជាក់ថា រថយន្ត Toyota មានភាពពេញនិយមខ្លាំងចំពោះប្រជាជនកម្ពុជា ដោយភាពល្បីល្បាញលើគុណភាព និងភាពធន់ ដែលផ្តល់ភាពជឿជាក់ដល់អ្នកបើកបរ។
ជាការឆ្លើយតប លោក Harada Shigeru បានថ្លែងអំណរគុណក្រសួងពាណិជ្ជកម្មកម្ពុជា ដែលតែងតែផ្តល់ការគាំទ្រនិងសម្របសម្រួលដល់ក្រុមហ៊ុនសម្រាប់ដំណើរការវិនិយោគ និងធុរកិច្ចរបស់ខ្លួននៅកម្ពុជា តួយ៉ាងការចុះបញ្ជីម៉ាក និងការស្នើសុំសិទ្ធផ្តាច់មុខ។ ជាមួយគ្នានេះ លោកថា ដោយយោងតាមតម្រូវការបញ្ជាទិញខ្ពស់របស់អតិថិជន និងការជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុននឹងពង្រីកខ្សែចង្វាក់ផលិតកម្មរបស់ខ្លួនបន្ថែមទៀតនាពេលខាងមុខនេះ។
ក្នុងជំនួបនោះផងដែរ ក្រុមហ៊ុនជប៉ុន Toyota ក៏បានបង្ហាញពីការលើកឡើងពីការយកចិត្តទុកដាក់ខ្ពស់ចំពោះការបណ្តុះបណ្តាលធនធានមនុស្ស ជាក់ស្តែងក្រុមហ៊ុននឹងដាក់ឱ្យដំណើរការ Toyota Academy នៅដើមឆ្នាំ២០២៦ ដើម្បីជំរុញការអភិវឌ្ឍ ជំនាញក្នុងវិស័យមេកានិក និងយានយន្តថែមទៀត៕ អត្ថបទ៖ ហ្សាលីន


