ពន្លាជាតិកម្ពុជា ដែលបានប្រារព្ធនៅទីក្រុងអូសាកា តំបន់កាន់សៃ ប្រទេសជប៉ុន អូសាកា, ប្រទេសជប៉ុន កាលថ្ងៃទី៤ កញ្ញា ឆ្នាំ២០២៥ បានទទួលភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាចំនួនជាង១.៣លាននាក់។

ពន្លាជាតិកម្ពុជា ដែលប្រព្រឹត្យទៅនៅប្រទេសជប៉ុននាពេលនេះ គឺធ្វើឡើងដោយមានការចូលរួមពីលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ បានអញ្ជើញចូលទស្សនា និងត្រួតពិនិត្យវឌ្ឍនភាពការងាររបស់ពន្លាជាតិកម្ពុជា ក្នុងពិព័រណ៍ពិភពលោក២០២៥ អូសាកា កាន់សៃ ប្រទេសជប៉ុន។
ជារួមគ្នា គិតត្រឹមថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ពន្លាជាតិកម្ពុជា បានទទួលភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាចំនួន ១,៣១៩,៦៦៣នាក់ (គិតជាមធ្យមប្រមាណ ៩,១០១ នាក់/ថ្ងៃ) ស្មើនឹងប្រមាណ ៧% នៃចំនួនអ្នកចូលទស្សនាពិព័រណ៍ពិភពលោកសរុប ១៨,៩៧៧,០០០នាក់។
សូមជម្រាបជូនផងដែរថា ពិព័រណ៍ពិភពលោក ២០២៥ អូសាកា កាន់សៃ មានរយៈពេល ៦ខែ ពីថ្ងៃទី១៣ ខែមេសា ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ដោយក្នុងនោះកម្ពុជាបានជ្រើសរើស “ប្រាសាទកោះកេរ” ជាស្នូលក្នុងការសាងសង់ “ពន្លាជាតិ” ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់កម្ពុជា ក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌ ស្នាដៃស្ថាបត្យកម្ម និងសិល្បៈបុរាណខ្មែរ ដ៏សម្បូរបែប។
ទន្ទឹមនឹងនោះ កម្ពុជាក៏បានដាក់តាំងបង្ហាញផលិតផលសក្តានុពល រួមមានផលិតផលសម្គាល់ភូមិសាស្រ្តទំនិញ ស្វាយចន្ទី អង្ករ គ្រឿងចម្លាក់ប្រាក់ស្ពាន់ វត្ថុអនុស្សាវរីយ៍ គ្រឿងចម្លាក់ សម្លៀកបំពាក់ សូត្រមាស និងស្នាដៃសិល្បៈជាដើម និងបានចាក់បញ្ចាំងវីដេអូអំពីតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត ព្រមទាំងសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍របស់កម្ពុជា៕ អត្ថបទ៖ ហ្សាលីន



