រដ្ឋបាលលោក ត្រាំ រងពាក្យបណ្តឹងចំពោះការលុបចោលគម្រោងថាមពលខ្យល់តម្លៃ ៥ពាន់លានដុល្លារ

អន្តរជាតិ

ក្រុមហ៊ុន Orsted ដែលជាអ្នកអភិវឌ្ឍថាមពលខ្យល់ធំបំផុតរបស់ប្រទេសដាណឺម៉ាក រួមជាមួយរដ្ឋ Rhode Island និងរដ្ឋ Connecticut របស់សហរដ្ឋអាមេរិក បានប្តឹងរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជុំការបញ្ជាឲ្យបញ្ឈប់គម្រោងថាមពលខ្យល់នៅតាមបណ្តោយឆ្នេរសមុទ្រ ដែលខិតជិតនឹងបញ្ចប់ទៅហើយនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញពាក្យបណ្តឹងដែលធ្វើឡើងដោយក្រុមហ៊ុន Orsted និងរដ្ឋាភិបាលរបស់រដ្ឋដ៏ធំរបស់អាមេរិកទាំងពីរនេះ បានចោទប្រកាន់ថាការសម្រេចចិត្តរបស់រដ្ឋបាលលោក ត្រាំ ក្នុងការបញ្ឈប់ការសាងសង់គម្រោង Revolution Wind ដែលជិតរួចរាល់ហើយនោះ ជារឿងខុសច្បាប់។

គួរឲ្យដឹងថា Revolution Wind គឺជាគម្រោងថាមពលខ្យល់នៅឆ្នេរសមុទ្រ រដ្ឋRhode Island និង Connecticut ។ គម្រោងនេះត្រូវបានបញ្ចប់ការសាងសង់ ៨០% ទៅហើយ ជាមួយនឹងការដំឡើងទួរប៊ីនខ្យល់បានចំនួន ៤៥ ក្នុងចំណោមចំនួនសរុប ៦៥ ទួរប៊ីន។ ហើយនៅពេលបញ្ចប់ការសាងសង់ វាត្រូវបានគេរំពឹងថានឹងអាចផ្តល់ថាមពលដល់ផ្ទះជាង ៣៥០,០០០ ខ្នង​នៅក្នុងរដ្ឋទាំងពីរ។

ប៉ុន្តែទោះជាយ៉ាងណា កាលពីចុងខែមុន ក្រសួងមហាផ្ទៃសហរដ្ឋអាមេរិកបានបញ្ជាភ្លាមៗឱ្យក្រុមហ៊ុន Orsted បញ្ឈប់ការសាងសង់លើគម្រោងនេះ ដោយលើកឡើងពីកង្វល់សន្តិសុខជាតិដែលមិនបានបញ្ជាក់ច្បាស់លាស់។ Orsted និងក្រុមហ៊ុនដៃគូរបស់ខ្លួន Skyborn Renewables បានចំណាយទឹកប្រាក់ប្រហែល ៥ពាន់លានដុល្លាររួចទៅហើយ លើគម្រោងនេះ ។

ជាលទ្ធផល ក្រុមហ៊ុន Orsted បានដាក់ពាក្យបណ្តឹងនៅតុលាការសហព័ន្ធនៅស្រុក Columbia ដោយប្តឹងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Doug Burgum និងសហការីរបស់លោក ដោយសុំឱ្យតុលាការលុបចោលការសម្រេចនេះវិញ។ រដ្ឋាភិបាលនៃរដ្ឋ Rhode Island និង Connecticut ក៏បានដាក់ពាក្យបណ្តឹងដូចគ្នានេះផងដែរ ទៅកាន់តុលាការសហព័ន្ធនៅកោះ Rhode ៕​