ក្រុមហ៊ុនប្រេងលំដាប់កំពូលរបស់អាមេរិក ConocoPhillips កាលពីពេលថ្មីៗនេះ បានប្រកាសពីផែនការកាត់បន្ថយការងារប្រហែល ៣ ០០០ នាក់ចំពេលមានការកើនឡើងថ្លៃដើមផលិតកម្ម និងការធ្លាក់ចុះតម្លៃប្រេង ចាប់តាំងពីឆ្នាំនេះមក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

អ្នកនាំពាក្យរបស់ ConocoPhillips បាននិយាយថា ពួកគេនឹងកាត់បន្ថយចន្លោះពី ២០-២៥% នៃកម្លាំងការងារសរុបរបស់ក្រុមហ៊ុន។ នេះគឺជាផ្នែកមួយនៃផែនការរៀបចំរចនាសម្ព័ន្ធទ្រង់ទ្រាយធំរបស់ក្រុមហ៊ុនប្រេង និងឧស្ម័នធំបំផុតទីបី របស់សហរដ្ឋអាមេរិក។
ទន្ទឹមនឹងនេះ នាយកប្រតិបត្តិក្រុមហ៊ុន លោក Ryan Lance បាននិយាយថា តម្លៃផលិតប្រេងរបស់ក្រុមហ៊ុន បានកើនឡើងប្រហែល ២ដុល្លារ ក្នុងមួយបារ៉ែល ដែលធ្វើឲ្យក្រុមហ៊ុនពិបាកនៅក្នុងការប្រកួតប្រជែង។
លោក Ryan បានសង្កត់ធ្ងន់ទៀតថា ៖”នៅពេលដែលអង្គភាពរបស់យើងត្រូវបានពង្រឹង នោះយើងត្រូវការមុខតំណែងតិចជាងមុន។ បច្ចុប្បន្នក្រុមហ៊ុនមានបុគ្គលិក ប្រហែល ១៣ ០០០ នាក់ នៅទូទាំងពិភពលោក។ នោះមានន័យថាបុគ្គលិក ចន្លោះពី ២ ៦០០ ទៅ ៣ ២៥០ នាក់ នឹងត្រូវជម្រុះចេញ។
ជម្រាបជូនផងដែរថា ប្រាក់ចំណេញនៅត្រីមាសទីពីររបស់ ConocoPhillips បានធ្លាក់ចុះដល់ ២ពាន់លានដុល្លារ ដែលជាកម្រិតទាបបំផុតរបស់ខ្លួនចាប់តាំងពីត្រីមាសទីមួយនៃឆ្២០២១ មក។ ភាគហ៊ុនរបស់ក្រុមហ៊ុនក៏បានធ្លាក់ចុះ ៤,៧% ពីមួយឆ្នាំទៅមួយឆ្នាំ ផងដែរ៕

