សេដ្ឋកិច្ចឌីជីថលកម្ពុជាត្រូវបានព្យាករណ៍ថានឹងកើនឡើងពី ១,៦២ ពាន់លានដុល្លារនៅឆ្នាំ២០២៥ ដល់ ៤,៥ ពាន់លានដុល្លារនៅឆ្នាំ២០៣០

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជាបានបង្ហាញការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍឧស្សាហកម្មច្នៃប្រឌិត នៅក្នុងកិច្ចប្រជុំកំពូលមាតិកាឌីជីថលអាស៊ានឆ្នាំ២០២៥ ទីក្រុង Johor Bahru ប្រទេសម៉ាឡេស៊ី ថ្ងៃទី២-៤ ខែកញ្ញា ឆ្នាំ២០២៥ ដោយលើកទឹកចិត្តឱ្យក្រុមហ៊ុនផលិតភាពយន្ត ភាពយន្តជីវចល ហ្គេម និងប្រព័ន្ធផ្សព្វផ្សាយឌីជីថលក្នុងតំបន់មកផលិត និងសហការផលិតនៅកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចច្នៃប្រឌិតក្នុងតំបន់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការឱ្យដឹងពីក្រសងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្ហាញថា នៅទូទាំងពិភពលោក សេដ្ឋកិច្ចច្នៃប្រឌិតមានតម្លៃប្រមាណ ២,២ ទ្រីលានដុល្លារអាមេរិក ដែលរួមចំណែកប្រហែល ៣% នៃសេដ្ឋកិច្ចពិភពលោក និងផ្តល់ការងារប្រមាណ ៣០ លានកន្លែងនៅក្នុងឧស្សាហកម្មនានា ដូចជាភាពយន្ត ភាពយន្តជីវចល ហ្គេម ការរចនា និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល។

តំបន់អាស៊ីបានក្លាយជាមហាអំណាចមួយក្នុងវិស័យនេះ ដោយកូរ៉េខាងត្បូងបានកសាងឧស្សាហកម្មមាតិកាវប្បធម៌ដែលមានតម្លៃប្រមាណ ១១៣ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេលត្រឹមតែ៣ទសវត្សរ៍ ដោយផ្តល់ការងារជាង ៦០០.០០០ កន្លែង។ ប្រទេសជប៉ុនក៏មានភាពលេចធ្លោជាសកលផងដែរ ជាមួយនឹងឧស្សាហកម្មគំនូរជីវចល ហ្គេម ការរចនា ការតែងនិពន្ធ និងប្រព័ន្ធផ្សព្វផ្សាយ ដែលបង្កើតចំណូលរាប់ពាន់លានដុល្លារ និងកំពុងមានឥទ្ធិពលលើវប្បធម៌ពិភពលោក។

នៅកម្ពុជា ភាពខ្លាំងនៃភាគលាភប្រជាសាស្ត្រជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍឡើងវិញនូវឧស្សាហកម្មច្នៃប្រឌិតរបស់ខ្លួន ដោយសេដ្ឋកិច្ចឌីជីថលត្រូវបានព្យាករណ៍ថានឹងកើនឡើងពី ១,៦២ ពាន់លានដុល្លារនៅឆ្នាំ២០២៥ ដល់ ៤,៥ ពាន់លានដុល្លារនៅឆ្នាំ២០៣០ ហើយនឹងផ្តល់កំណើនការងារទ្វេដងពីប្រមាណ ១៤.០០០ កន្លែងនាពេលបច្ចុប្បន្ន៕