លោក លឹម ផាន់ភារៈ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជម្រាបជូនអំពីកាលានុវត្តភាព និងអត្ថប្រយោជន៍នៃការវិនិយោគនៅកម្ពុជា ដល់លោក Ivan Polyakov ប្រធានក្រុមប្រឹក្សាធុរកិច្ចរុស្ស៊ី-អាស៊ាន រួមមានការលើកទឹកចិត្តនិងកិច្ចគាំពារវិនិយោគ ការទទួលបានទីផ្សារនាំចេញទូលំទូលាយជាមួយនឹងការអនុគ្រោះពន្ធគយតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជាសម្រេចបាន។

លោកបានលើកឡើងបែបនេះនៅក្នុងជំនួបនាទីក្រុងវ្ល៉ាឌីវ៉ូស្តុក សហព័ន្ធរុស្ស៊ី ក្នុងឱកាសចូលរួមក្នុងវេទិកាសេដ្ឋកិច្ចភាគខាងកើតលើកទី១០ (10th Eastern Economic Forum) កាលពីថ្ងៃទី ៣-៦ ខែកញ្ញា ឆ្នាំ២០២៥ ដែលជាវេទិកាប្រចាំឆ្នាំ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងផ្នែកបច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ និងសមាហរណកម្មក្នុងតំបន់។
ការជម្រាបជូនអំពីកាលានុវត្តភាព និងអត្ថប្រយោជន៍នៃការវិនិយោគនៅកម្ពុជា របស់លោក លឹម ផាន់ភារៈ ដល់លោក Ivan Polyakov ប្រធានក្រុមប្រឹក្សាធុរកិច្ចរុស្ស៊ី-អាស៊ាន ដើម្បីប្រធានក្រុមប្រឹក្សាអាចបន្តផ្សព្វផ្សាយជូនដល់បណ្តាក្រុមហ៊ុនដែលជាសមាជិករបស់ខ្លួន ព្រមទាំងបានស្នើសុំជួយផ្សព្វផ្សាយអំពីកសិផលកម្ពុជាទៅកាន់ទីផ្សាររុស្ស៊ី និងសហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី រួមមាន អង្ករ គ្រាប់ស្វាយចន្ទី ដំឡូងមី ម្រេច ពោត កៅស៊ូ។-ល-។

សូមបញ្ជាក់ដែរថា ក្នុងអំឡុងវេទិកាសេដ្ឋកិច្ចភាគខាងកើតលើកទី១០ នាទីក្រុងវ្ល៉ាឌីវ៉ូស្តុក លោកអនុរដ្ឋលេខាធិការ លឹម ផាន់ភារៈ ក៏បានបានអញ្ជើញចូលរួមជាវាគ្មិនដោយបានធ្វើការកត់សម្គាល់ពីទំនាក់ទំនងវិជ្ជមានរវាងតំបន់ទាំងពីរ ដោយយោងតាមស្ថិតិរបស់អាស៊ាន ពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ២០២៤ មានចំនួន ១៧ ពាន់លានដុល្លារ កើន ១២% បើធៀបនឹងឆ្នាំ២០២៣ ដែលការណ៍នេះធ្វើឱ្យរុស្ស៊ីក្លាយជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់អាស៊ាន។
លោកក៏បានគូសបញ្ជាក់ថា កម្ពុជាបានត្រៀមខ្លួនជាស្រេចដើម្បីចូលរួមជំរុញកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌអាស៊ាន-រុស្ស៊ី តាមរយៈការចូលរួមផ្តល់ធាតុចូលលើសេចក្តីព្រាងនៃកម្មវិធីយុទ្ធសាស្រ្តអាស៊ាន-រុស្ស៊ីស្តីពីពាណិជ្ជកម្ម និងវិនិយោគ សម្រាប់ឆ្នាំ២០២៦-២០៣៥ ក៏ដូចជាការអនុវត្តកិច្ចសម្រួលពាណិជ្ជកម្ម ការធានានិងការលើកទឹកចិត្តវិនិយោគ និងសិ្ថរភាពម៉ាក្រូសេដ្ឋកិច្ច៕



