រាត្រីចុងក្រោយនៃការបិទអនុស្សាវរីយ៍រាប់ភ្លេចក្នុងអាកាសយានដ្ឋានពោធិ៍ចិនតុងឈានមកដល់ និងជារាត្រីនៃការបើកទ្វារស្វាគមន៍អាកាសយានដ្ឋានថ្មីលើផ្ទៃដីដ៏ធំភាគខាងត្បូងរាជធានីភ្នំពេញ

សង្គម​ និង​សេដ្ឋកិច្ច

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬអាកាសយានដ្ឋានពោធិ៍ចិនតុង នឹងត្រូវផ្អាកដំណើរការហោះហើរទាំងស្រុងក្នុងរាត្រីរំលងអាធ្រាតថ្ងៃទី៨ ឈានចូលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ និងជារាត្រីស្វាគមន៍នៃការបើកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាអាកាសយានដ្ឋានដ៏ធំបំផុតមិនធ្លាប់មាននៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបិទទ្វារអាកាសយានដ្ឋានវ័យចំណាស់មួយនេះ បានបន្សល់ទុកនូវអនុស្សាវរីយ៍ជាច្រើន ជាកន្លែងជួប កន្លែងលើកដៃលា កន្លែងរំភើប កន្លែងនឹកព្រួយពីអ្នកដំណើរឆ្លងកាត់អាកាសយានដ្ឋានមួយនេះ។

បក្សីស្លាបដែកជាច្រើនគ្រឿងធ្លាប់ចំណត ត្រដាងស្លាបចុះឡើង នឹងត្រូវបង្អែរគោលដៅហោះ-ហើរ ទៅកាន់អាកាសយានដ្ឋានថ្មី (អាកាសយានដ្ឋានអន្តរជាតិតេជោ) លាតសន្ធឹងលើផ្ទៃដី ២ ៦០០ហិចតា ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងមួយផ្នែកស្ថិតនៅស្រុកបាទី ខេត្តតាកែវ ចម្ងាយ ប្រមាណ២០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬអាកាសយានដ្ឋានពោធិ៍ចិនតុង បានហែលឆ្លងកាត់ភាពជូរចត់ ដោយបានឈរជើងប្រតិបត្តិការទទួលអ្នកអ្នកដំណើរចេញ-ចូលកម្ពុជារយៈ៦៦ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៥៩។ ព្រលានមួយនេះ ស្ថិតនៅចម្ងាយប្រហែល១០គីឡូម៉ែត្រពីរាជធានីភ្នំពេញ នៅលើផ្លូវសហព័ន្ធរុស្សី ទៅដល់រង្វង់មូលចោមចៅ ដែលកាលពីមុនមានឈ្មោះថា «អាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង» ក្រោយមកក្នុងឆ្នាំ២០០៣ ទើបប្តូរឈ្មោះមកជា «អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ»វិញ។

ដើម្បីជួយសម្រួលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងលើកផ្នែកអាកាសចរណ៍ឲ្យមានការរីកចម្រើនជាងមុន រាជរដ្ឋាភិបាលបានផ្តល់សិទ្ធិឲ្យក្រុមហ៊ុន CAIC ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC សាងសង់ និងអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នៅខេត្តកណ្តាល និងខេត្តតាកែវ លើផ្ទៃដីទំហំ ២ ៦០០ហិកតា ស្ថិតនៅចម្ងាយ ប្រមាណ២០គីឡូម៉ែត្រពីភ្នំពេញ។

មកដល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិតេជោបានចំណាយថវិកាសាងសង់អស់ទឹកប្រាក់ប្រមាណជាង ២០០០លានដុល្លារ សម្រាប់ដំណាក់កាលទី១។ អាកាសយានដ្ឋានអន្តរជាតិតេជោ ជាស្នាដៃកូនខ្មែរ និងជាសមិទ្ធផលដ៏អស្ចារ្យក្រោមសម័យតេជោធិបតី និងជាអាកាសយានដ្ឋានអន្តរជាតិ ជាប់ឈ្មោះជាសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យបំផុតនៅលើពិភពលោក។

សូមបញ្ជាក់ថា អាកាសយានដ្ឋានមួយនេះជាអាកាសយានដ្ឋានខ្នាតធំមិនធ្លាប់មាននៅកម្ពុជា ដែលត្រូវបានចាត់ថ្នាក់ ជាអាកាសយានដ្ឋាន 4F។ អាកាសយានដ្ឋានលំដាប់ 4F នេះអាចទទួលយន្តហោះខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និង ប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១។

អាកាសយានដ្ឋានអន្តរជាតិតេជោ បានត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៍ ទទួលភ្ញៀវទេសចរ និងធុរជនជាតិនិងអន្តរជាតិ ពីគ្រប់ទិសទីនៅលើពិភពលោក៕