ម្ចាស់ពានរង្វាន់ណូបែលរូបវិទ្យាសិង្ហបុរី ស្នើឱ្យសម្ដេចតេជោ ចែករំលែកគន្លឹះក្នុងការដឹកនាំប្រទេសចេញពីសង្គ្រាមបែកបាក់ មកមានការឯកភាពជាតិ សន្តិភាព

សង្គម​ និង​សេដ្ឋកិច្ច

លោក Sir Konstantin (Kostya) S. Novoselov FRS អ្នកទទួលពានរង្វាន់ ណូបែលរូបវិទ្យាសិង្ហបុរី បានចូលជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Sir Konstantin (Kostya) S. Novoselov FRS បានលើកឡើងថា នេះជាលើកទី១សម្រាប់លោកដែលបានអញ្ជើញមកកាន់ប្រទេសកម្ពុជា ហើយក៏បានឃើញពីភាពរីកចម្រើនរបស់កម្ពុជាផងដែរ។ លោកធ្លាប់បានដឹងពីប្រវត្តិរបស់ប្រទេសកម្ពុជាដែលធ្លាប់បែកបាក់ ធ្លាប់ធ្លាក់ក្នុងភ្លើងសង្គ្រាម ហើយលោកមិនគួរឲ្យជឿសោះថា តាមរយៈការដឹកនាំរបស់សម្ដេចតេជោ អាចសង្គ្រោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយនាំកម្ពុជាឱ្យមានការឯកភាពទឹកដី ឯកភាពជាតិ មានសន្តិភាព និងមានការអភិវឌ្ឍសេដ្ឋកិច្ច រហូតមានការរីកចម្រើនដល់ពេលបច្ចុប្បន្ននេះ។

ក្នុងន័យនេះ លោកក៏បានឆ្លៀតចោទសួរដោយស្នើឱ្យសម្ដេចតេជោ ចែករំលែកទាក់ទងទៅគន្លឹះក្នុងការដឹកនាំប្រទេសចេញពីសង្គ្រាមបែកបាក់ មកមានការឯកភាពជាតិ សន្តិភាព និងអភិវឌ្ឍប្រទេសបានរីកចម្រើនរហូតដល់សព្វថ្ងៃនេះ។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ពីប្រវត្តិនៃការខិតខំអភិវឌ្ឍឱ្យប្រទេសជាតិពីបាតដៃទទេ រួមទាំងការដាក់ចេញនូវយុទ្ធសាស្ត្រជាបន្តបន្ទាប់ ដើម្បីសម្រេចផែនការធ្វើយ៉ាងណាឲ្យប្រទេសជាតិមានសន្តិភាពនៅឆ្នាំ១៩៩៨ ជាពិសេសទាក់ទងទៅនឹងនយោបាយឈ្នះឈ្នះ  និងយុទ្ធសាស្ត្រនៃការអភិវឌ្ឍសេដ្ឋកិច្ចក្រោយកម្ពជាមានសន្តិភាពឱ្យមានការរីកចម្រើន។

លោក Sir Konstantin (Kostya) S. Novoselov FRS បានស្ដាប់ដោយយកចិត្តទុកដាក់ និងកោតសរសើរនូវការពលីកម្មនិងគតិបណ្ឌិតរបស់សម្តេចតេជោ ជាពិសេសនយោបាយ ឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន៕