កម្ពុជា​មាន​ផ្ទៃដី​ដាំ​កៅស៊ូជាង ៤ សែន​ហិកតា រក​ចំណូល​បាន​ជាង ៦០០ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ

សង្គម​និង​សេដ្ឋកិច្ច

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូនៃក្រសួង​កសិកម្ម​​បានបង្ហាញឲ្យឃើញថា គិតត្រឹមឆ្នាំ២០២១ កម្ពុជា​មានផ្ទៃដីដាំដុះ​កៅស៊ូសរុបជាង ៤០៤ ០៤៤ ហិកតា (កៅស៊ូឧស្សាហកម្ម ២៤០ ៣៤៦ ហិកតា កៅស៊ូគ្រួសារ ១៦៣ ៦៩៣ ហិកតា និង​ផៃ្ទដីកៅស៊ូចៀរជ័រ ៣១០ ១៩៣ ហិកតា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ខណៈ​កម្ពុជាមានរោងចក្រ-សិប្បកម្មកែច្នៃកៅស៊ូចំនួន ១៦៨ ស្ថិតក្នុងខេត្តចំនួន១១ ការនាំចេញផលិតផលកៅស៊ូប្រមាណជាង ៣៧ម៉ឺនតោន ទទួលចំណូលជាថវិកាបានប្រមាណជាង ៦១០លានដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូបានជាង ១,៥លានដុល្លារ។

លោក វេង សាខុន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​បញ្ជាក់​ថា វិស័យឧស្សាហកម្មកៅស៊ូកម្ពុជា​នៅ​មានបញ្ហាប្រឈមមួយ​ចំនួន​ដែលចាំបាច់​ត្រូវ​ចាប់ផ្តើម​ធ្វើការកែលម្អ និងដោះស្រាយបន្ទាន់។

លោក​រដ្ឋមន្រ្តី​បាន​ជំរុញ​ឲ្យ​អគ្គនាយកដ្ឋានកៅស៊ូ ត្រូវខិតខំរិះរកមធ្យោបាយ វិធានការច្បាស់លាស់ និងបត់បែន ដើម្បីចូលរួមដោះស្រាយបញ្ហាសំខាន់ៗ ដោយត្រូវពង្រឹងកិច្ចសហការថែមទៀតជាមួយអន្តរស្ថាប័នពាក់ព័ន្ធតាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍” ប្រកបដោយភាពម្ចាស់ការ និងឈរលើផលប្រយោជន៍រួម។

លោក​រដ្ឋមន្ត្រីបានដាក់ចេញ​​វិធានការសំខាន់ៗមួយចំនួនទៀត ដែលជាធាតុចូលសម្រាប់ជាមូលដ្ឋានគ្រឹះលើ​ការជំរុញ​ការ​អភិវឌ្ឍ​កៅស៊ូ​ ដើម្បី​សម្រេច​បាន​ជោគជ័យ​ថែមទៀត គឺ​ត្រូវ​ពង្រឹងកិច្ចសហការជាមួយក្រុមហ៊ុនវិនិយោគ និងក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចដាំកៅស៊ូ រួមទាំងគ្រួសារ និង​យកចិត្តទុកដាក់ទីផ្សារនាំចេញផលិតផលកៅស៊ូ។

ជាមួយ​គ្នានេះ​ ត្រូវ​ពង្រឹងការងារគ្រប់គ្រងស្ថានីយ មជ្ឈមណ្ឌលស្រាវជ្រាវពូជ ជំងឺ សត្វ ល្អិតចង្រៃ និងការ កែច្នៃ ដោយត្រូវសហការជាមួយវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ និង​ជំរុញចងក្រង និងពង្រឹងសហគមន៍កសិករកៅស៊ូគ្រួសារ ជំរុញការអភិវឌ្ឍឧស្សាហកម្មកែឆ្នៃកៅស៊ូធម្មជាតិនៅកម្ពុជា និង​ត្រូវបន្តកៀរគរ និងស្វែងរកប្រភពហិរញ្ញប្បទាន ឬបច្ចេកវិទ្យាថ្មីៗពីដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត ដើម្បីទទួលបានការរីកចម្រើនថ្មីៗទៀតក្នុងអនុវិស័យនេះ៕