ក្រុមហ៊ុនអាកាសចរណ៍ជាតិ អ៊ែរ ខេមបូឌា (Air Cambodia )បានបញ្ចប់ការបញ្ជាទិញយន្តហោះប្រភេទ Boeing 737 MAX របស់សហរដ្ឋអាម៉េរិក ចំនួន ១០គ្រឿងជាផ្លូវការរួចរាល់ហើយ។ ក្នុងការទិញយន្តហោះ Boeing ពីសហរដ្ឋអាមេរិកនេះជាការបង្ហាញពីទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក ដែលកំពុងកើនឡើង ជាពិសេសជាការបើកច្រកទ្វារអាកាសចរណ៍កម្ពុជាកាន់តែធំទៅកាន់ពិភពលោក។

លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល កាលពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ ក៏បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយក្រុមហ៊ុនផលិតអាកាសយានប៊ូអ៊ីង(Boeing) នៅទីក្រុង Seattle សហរដ្ឋអាម៉េរិក ស្វែងយល់ពីខ្សែច្រវាក់ផលិតកម្មយន្តហោះ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធរបស់ Boeing ផងដែរ។ដំណើរអញ្ជើញពិនិត្យនេះ គឺជាគម្រោងមួយនៃគម្រោងពង្រីកវិស័យអាកាសចរណ៍ស៊ីវិលនៅកម្ពុជា។

លោក Michael George DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ក្នុងឱកាសដំណើរទស្សនកិច្ចរយៈពេលខ្លីមកកាន់រាជធានីភ្នំពេញ ពីពេលថ្មីៗនេះក៏បានប្រកាសស្វាគមន៍ចំពោះការសម្រេចចិត្ត របស់ក្រុមហ៊ុនអាកាសចរណ៍ Air Cambodia ក្នុងការទិញយន្តហោះ Boeing យ៉ាងតិច ១០ គ្រឿង ផងដែរ។ ដែលនេះជាការបង្ហាញពីទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក ដែលកំពុងកើនឡើង។

លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងកាលពីខែសីហា ឆ្នាំ២០២៥ កន្លងទៅថា កម្ពុជាប្រកាសទិញយន្តហោះ Boeingចំនួន១០គ្រឿងពីសហរដ្ឋអាមេរិក ហើយអាចចរចាទិញបន្ថែម១០គ្រឿងទៀត ស្របពេលកម្ពុជាយកពន្ធសូន្យ លើគ្រប់ទំនិញទាំងអស់របស់អាមេរិក ខណៈអាមេរិកទម្លាក់ពន្ធ ឲ្យកម្ពុជាមកត្រឹម១៩%។ គួរឱ្យដឹងថា ការប្រគល់ជូនលើកដំបូងនូវប្រភេទយន្តហោះ Boeingចំនួន១០គ្រឿងពីសហរដ្ឋអាមេរិក នេះរំពឹងទុកថានឹងត្រូវធ្វើឡើងនៅត្រឹមឆ្នាំ២០៣១។

យន្តហោះ Boeing 737 Max គឺជាយន្ដហោះដ៏ទំនើបរបស់ក្រុមហ៊ុនផលិតយន្ដហោះអាមេរិក នៃត្រកូល Boieng។ យន្តហោះ Boeing 737-8 MAX (Boeing 737-800 MAX) ដែលកម្ពុជាបានបញ្ជាទិញលើកដំបូងនេះ គឺជាម៉ូដែលជំនាន់ចុងក្រោយបំផុតមួយ ដែលជាយន្តហោះមានតួខ្លួនតូច ប៉ុន្តែមានសមត្ថភាពខ្ពស់ និងកម្រិតស៊ីសាំងតិច។ យន្តហោះប្រភេទនេះ មានការរចនាឡើងជាពិសេសតាមបែប Boeing Sky Interior។ វាអាចមានតម្លៃប្រហែលចន្លោះពី៩០ទៅ១២០លានដុល្លារ ក្នុងមួយគ្រឿង៕

