ប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រកាសតែងតាំងរដ្ឋមន្ត្រីការពារជាតិ លោក Sebastien Lecornu ជានាយករដ្ឋមន្ត្រីថ្មី ចំពេលកំពុងមានវឹកវរ នៅក្នុងជួរនយោបាយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

បើតាមការិយាល័យប្រធានាធិបតី បាននិយាយថា លោក Macron បានស្នើឲ្យលោក Lecornu ចរចាជាមួយគណបក្សនយោបាយទាំងអស់ នៅក្នុងសភា ដើម្បីស្វែងរកការសម្របសម្រួលលើថវិកា និងគោលនយោបាយផ្សេងទៀត មុនពេលឈានដល់ការបង្កើតគណៈរដ្ឋមន្ត្រីថ្មី។
ក្រោយការជ្រើសតាំងនេះ លោក Lecornu បានសរសេរលើបណ្តាញសង្គម X របស់ខ្លួនថា៖” ប្រធានាធិបតី បានប្រគល់ឲ្យខ្ញុំនូវភារកិច្ចក្នុងការកសាងរដ្ឋាភិបាល ដោយមានទិសដៅច្បាស់លាស់ គឺការការពារឯករាជ្រជាតិ និងកម្លាំង បម្រើប្រជាជនបារាំង និងធានាស្ថិរភាពនយោបាយ និងស្ថាប័នជាតិ”។
គួរឲ្យដឹងថា លោក Lecornu ជានាយករដ្ឋមន្ត្រីបារាំងទី៥ ហើយ ដែលត្រូវបានតែងតាំងដោយលោក Macron ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ បន្ទាប់ពីរដ្ឋសភាបានបោះឆ្នោតដកសេចក្តីទុកចិត្តលើលោក Francois Bayrou។
ជម្រាបជូនផងដែរថា ការផ្ទេរតំណែងរបស់លោក Sebastien Lecornu អាចនឹងត្រូវរៀបចំធ្វើឡើង នៅថ្ងៃទី១០ ខែកញ្ញានេះ៕

