ក្រុមហ៊ុនដ៏ធំ និងឈានមុខគេពីខេត្ត Guilin បានចាប់អារម្មណ៍លើសក្តានុពលទេសចរណ៍ប្រកបដោយថាមពលរបស់កម្ពុជាដែលជាទីផ្សារទើបនឹងរះ ដោយក្រុមហ៊ុនគ្រោងបោះទុនវិនិយោគក្នុងគម្រោងអភិវឌ្ឍទេសចរណ៍ដ៏ទំនើប និងប្រើប្រាស់បញ្ញាសប្បនិមិត្តនៅកម្ពុជា ។

នេះបើតាមរយៈជំនួបពិភាក្សាការងាររវាងលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយ MA Tieqiao អគ្គនាយកក្រុមហ៊ុន Guilin Junda Transportation កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នាទីស្តីការក្រសួងទេសចរណ៍។
ក្នុងជំនួបដ៏សំខាន់ និងប្រកបដោយផ្លែផ្កានេះ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមបោះទុនវិនិយោគរបស់ក្រុមហ៊ុនដែលបានចាប់អារម្មណ៍លើសក្តានុពលទេសចរណ៍ប្រកបដោយថាមពលរបស់កម្ពុជាដែលជាទីផ្សារទើបនឹងរះ ព្រមទំាងការជឿជាក់ដ៏មុតមាំលើការដឹកនាំប្រកបដោយគតិបណ្ឌិត ត្រឹមត្រូវ និងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបន្តធានានូវកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សេដ្ឋកិច្ច និងសង្គម ជួយឱ្យមានការអភិវឌ្ឍឥតឈប់ឈរលើគ្រប់វិស័យជាពិសេសហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់វិស័យទេសចរណ៍ និងការធានាសុខសុវត្ថិភាពដល់អ្នកទេសចរជាតិ និងអន្តរជាតិ។

លោកបានបន្តថា ជំនួបនាពេលនេះជាជំហានមួយឈានទៅដល់ការអនុវត្តជាក់ស្តែងនៃគម្រោងវិនិយោគដ៏ធំ និងមានសារៈសំខាន់ដល់វិស័យវិនិយោគ ព្រមទាំងជូនពរដល់លោកអគ្គនាយកក្រុមហ៊ុន និងសហការី ឱ្យទទួលបានជោគជ័យប្រកបដោយផ្លែផ្កាក្នុងដំណើរទស្សនកិច្ចសិក្សាសមិទ្ធិភាពនៃគម្រោងវិនិយោគនៅកម្ពុជានាពេលនេះ។
ជាកិច្ចឆ្លើយតប លោកអគ្គនាយកក្រុមហ៊ុន ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនឯកឧត្ដមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ដែលបានអនុញ្ញាតផ្ដល់ឱកាសចូលជួបសំដែងការគួរសម ពិភាក្សាការងារ និងផ្ដល់នូវអនុសាសន៍ណែនាំល្អៗ លើគម្រោងរបស់ក្រុមហ៊ុន៕



