ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រាបន្តផ្គត់ផ្គង់ម្ហូបជូនជនភៀសសឹកខេត្តព្រះវិហារចំនួន ២,៣៩២គ្រួសារ

ជុំវិញ​ឧកញ៉ា

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ប្រជាពលរដ្ឋភៀសសឹកដែលជម្លៀសពីតំបន់សមរភូមិជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារនៅតែបន្តទទួលបានការរៀបចំផ្គត់ផ្គង់ម្ហូបពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមផេក យុវជនបូជាការពារយុត្តិធម៌ បានឲ្យដឹងថា ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តរៀបចំផ្គត់ផ្គង់ម្ហូបអាហារចំនួន ២ពេលជារៀងរាល់ថ្ងៃជូនដល់មានជនភៀសសឹក ៤គោលដៅ ចំនួន ២,៣៩២គ្រួសារ ស្មើ ៧,៦៧៤នាក់ ក្រោមកិច្ចសហការជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ។

សូមបញ្ជាក់ថា ចាប់តាំងពីផ្ទុះអាវុធតាមព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៤ ខែកក្កដា មានប្រជាពលរដ្ឋរាប់ពាន់គ្រួសារ រាប់ម៉ឺននាក់បានជម្លៀសមកកាន់ទីសុវត្ថិភាព ហើយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្នុងនាមប្រធានសហព័ន្ធបានដឹកនាំក្រុមយុវជនរៀបចំផ្គត់ផ្គង់ម្ហូបអាហារជូនដល់ប្រជាពលរដ្ឋភៀសសឹកនៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។

យ៉ាងណា គិតត្រឹមខែកញ្ញានេះ បើទោះបីប្រទេសទាំងពីរកំពុងអនុវត្តបទឈប់បាញ់ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក៏នៅតែបន្តបន្តផ្គត់ផ្គង់ម្ហូបជូនប្រជាពលរដ្ឋភៀសសឹកចំនួន ៤គោលដៅក្នុងខេត្តព្រះវិហារ ដោយរង់ចាំពេលវេលាដែលរាជរដ្ឋាភិបាលអនុញ្ញាតិឲ្យត្រឡប់ទៅកាន់លំនៅឋានវិញនាពេលដ៏ឆាប់ខាងមុខ៕