នគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ ចុះហត្ថលេខារួមគ្នាលើកិច្ចសហប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន

សង្គម​ និង​សេដ្ឋកិច្ច

នគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ បានជួបប្រជុំគ្នា ដោយបានចុះហត្ថលេខារួមគ្នាលើកិច្ចសហប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងជួញដូរមនុស្សកម្ពុជា-ថៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ដោយនគរបាលជាតិកម្ពុជា ដឹកនាំដោយ ឯកឧត្តមឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ ដឹកនាំដោយនាយឧត្តមសេនីយ៍ Thatchai Pitaneelaboot អគ្គាធិការជាន់ខ្ពស់នៃនគរបាលភូមិន្ទថៃ នៅខេត្តស្រះកែវ ប្រទេសថៃ ដើម្បីពិនិត្យលើការពង្រឹងកិច្ចសហការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន។

តាមការបញ្ជាក់ឱ្យដឹង របៀបវារៈនៃកិច្ចប្រជុំ គឺធ្វើឡើងស្តីពីការបង្កើតផែនការសកម្មភាពសម្រាប់កិច្ចសហប្រតិបត្តិការលើការទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនរួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងជួញដូរមនុស្ស កម្ពុជា-ថៃ លើកទី១។

ក្រោយកិច្ចប្រជុំជាង១០ម៉ោង ភាគីទាំងពីរបានឯកភាពគ្នាបង្កើតក្រុមការងារ ដើម្បីបន្តពិភាក្សាក្នុងការរៀបចំផែនការសកម្មភាពពាក់ព័ន្ធនឹងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន រួមទាំងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការជួញដូរមនុស្ស។  ភាគីទាំងពីរ ត្រៀមអនុវត្តកិច្ចសហប្រតិបត្តិការនេះដោយគោរពគ្នាទៅវិញទៅមក ដោយឈរលើស្មារតីកិច្ចសហប្រតិបត្តិការល្អ គោរពតាមច្បាប់ និងអធិបតេយ្យ នៃប្រទេសរៀងៗខ្លួន។  

សូមបញ្ជាក់ថា កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងស្របតាមស្មារតីនៃកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅខេត្តកោះកុង កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដែលបានជំរុញការពង្រឹងកិច្ចសហប្រតិបត្តិការនៅគ្រប់កម្រិតរវាងអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរ ដើម្បីបង្ការនិងបង្ក្រាបបទល្មើសឆ្លងដែន និងកំណត់ថា ក្រសួងមហាផ្ទៃនិងនគរបាលជាតិនៃប្រទេសទាំងពីរនឹងជួបគ្នាក្នុងរយៈពេល ១ សបា្តហ៍ ដើម្បីបង្កើតក្រុមការងារចម្រុះដែលទទួលភារកិច្ចលើការរៀបចំផែនការសកម្មភាពពាក់ព័ន្ធនឹងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន។

សូមជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាប្រយុទ្ធប្រឆាំងរាល់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ជាមួយគ្នានេះ កម្ពុជាសង្ឃឹមថា រដ្ឋាភិបាលថៃនឹងធ្វើការប្តេជ្ញាចិត្តដូចកម្ពុជាផងដែរ ដើម្បីធានាសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋរៀងៗខ្លួន ខណៈពេលដែលការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បាននិងកំពុងកើនឡើងគួរឱ្យព្រួយបារម្ភនៅក្នុងតំបន់ ក៏ដូចជាសកលលោកទាំងមូល៕