កាលពីរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ឧកញ៉ាបណ្ឌិត ត្រាំង លី សមាជិកសកម្ម នៃសមាគមឧកញ៉ាកម្ពុជា បានបង្ហាញខ្លួនជាចូលជាសមាជិកក្រុមប្រឹក្សាភិបាលថ្មី នៃសមាគមឧកញ៉ាកម្ពុជា ជាផ្លូវការ។

ពិធីប្រកាសបង្ហាញខ្លួននេះ បានធ្វើឡើងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលពេញអង្គ លើកទី១០ អាណត្តិទី១ ត្រីមាសទី៣ ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានអង្គប្រជុំ ដោយមានវត្តមានចូលរួមពីសំណាក់ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ដែលជាអនុប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមចំនួន ៣៩រូប។
គួរបញ្ជាក់ថា សម្រាប់អាណត្តិទី១នេះ សមាគមឧកញ៉ាកម្ពុជា មានសមាជិកក្រុមប្រឹក្សាភិបាលសរុបចំនួន ៥៣រូប។
ឧកញ៉ាបណ្ឌិត ត្រាំង លី គឺជាសមាជិកសកម្ម នៃសមាគមឧកញ៉ាកម្ពុជា និងជា ប្រធានក្រុមប្រឹក្សាភិបាល និងជាស្ថាបនិក នៃសាលា CIA First International School Cambodia Language Academy និងក្រុមហ៊ុន GA General Engineering ដែលវិនិយោគលើវិស័យអប់រំ ចំណេះទូទៅ មជ្ឈមណ្ឌលភាសាអង់គ្លេស ការផ្គត់ផ្គង់ម៉ាស៊ីនត្រជាក់ គ្រឿងបរិក្ខារ ប្រព័ន្ធបឺតខ្យល់ ជាដើម។
បច្ចុប្បន្ន ក្រុមហ៊ុនរបស់ឧកញ៉ាបណ្ឌិត បានផ្ដល់ការងារដល់ បុគ្គលិក សរុបចំនួនជាង ១០០០នាក់ ដែលបានរួមចំណែកបង្កើតការងារជាច្រើនជូនប្រជាពលរដ្ឋក្នុងសង្គម។ ឧកញ៉ាបណ្ឌិត ជាធុរជនពោរពេញដោយបទពិសោធជាង ៣០ឆ្នាំ និងមានវិជ្ជាជីវៈខ្ពស់ ដែលអាចប្រើប្រាស់ទាំងភាសាខ្មែរ អង់គ្លេស ចិន និងវៀតណាម និងបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតពាណិជ្ជកម្ម និងគ្រប់គ្រង។ ក្រៅពីការងារធុរកិច្ច នាពេលកន្លងមក ឧកញ៉ាបណ្ឌិត បានចូលរួមចំណែកយ៉ាងសកម្មក្នុងការងារសង្គម និងសប្បុរសធម៌នានា តាមរយៈ ការបរិច្ចាគ ជួយ គាំទ្រ ជាមួយរាជរដ្ឋាភិបាលកម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់៕




