រដ្ឋសភាប្រាប់អាយប៉ាថា សន្តិភាពតាមព្រំដែនកម្ពុជានិងថៃ ក៏ជាសុខសន្តិភាពរបស់សហគមន៍អាស៊ាន

សង្គម​ និង​សេដ្ឋកិច្ច

ប្រធានរដ្ឋសភាកម្ពុជា លោកស្រី ឃួន សុដារី បានជម្រាបប្រធានគណៈប្រតិភូសភាសមាជិកអាស៊ាន ពីការចង់បានសន្តិភាពក្នុងសហគមន៍អាស៊ានរបស់កម្ពុជា ខណៈលោកស្រីបានប្រាប់ថា សុខសន្តិភាពតាមបន្ទាត់ព្រំដែនកម្ពុជានិងថៃ ក៏ជាសុខសន្តិភាពរបស់សហគមន៍អាស៊ានទាំងមូលផងដែរ។ការជម្រាបនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអាយប៉ាយ លើកទី៤៦ នៅទីក្រុងគូឡាឡាំពួ ម៉ាឡេស៊ី កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ នៅចំពោះមុខថ្នាក់ដឹកនាំគណៈប្រតិភូសមាជិកអន្តរសភាអាស៊ាន(អាយប៉ា) លោកស្រី ឃួន សុដារី ប្រធានរដ្ឋសភានិងជាប្រធានគណៈប្រតិភូសភានៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ពីជំហរនិងឆន្ទៈរបស់កម្ពុជាក្នុងការលើក កម្ពស់សន្តិភាព សុខដុមនីយកម្មនៅក្នុងអាស៊ាន តាមរយៈការដោះស្រាយជម្លោះព្រំដែនកម្ពុជានិងថៃដោយសន្តិវិធី។

ប្រធានរដ្ឋសភា បានលើកឡើងបន្តថា កម្ពុជាគោរពបទឈប់បាញ់យ៉ាងម៉ឹងម៉ាត់ គោរពធម្មនុញ្ញអាស៊ាន ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិនានា។ កម្ពុជាដោះស្រាយបញ្ហាតាមរយៈការចរចាដោយសន្តិវិធីឈរលើយន្តការដែលមានស្រាប់ដើម្បីធ្វើយ៉ាងណាឱ្យស្ថានភាពព្រំដែនកម្ពុជានិងថៃវិលទៅរកភាពប្រក្រតីឡើងវិញ។ លោកស្រីបន្តថា សុខសន្តិភាពតាមបន្ទាត់ព្រំដែនកម្ពុជានិងថៃ ក៏ជាសុខសន្តិភាពរបស់សហគមន៍អាស៊ាន ឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥ ក្នុងការកសាងសហគមន៍រួម ប្រកបដោយចីរភាពនិងបរិយាបន្នដោយយកពលរដ្ឋជាស្នូល។

ជាមួយគ្នានេះ លោកស្រី ក៏បានបញ្ជាក់ថា អាយប៉ាចាំបាច់ត្រូវមានភាពរហ័សរហួន សម្របខ្លួន និងមានគំនិតច្នៃប្រឌិត ដើម្បីដោះស្រាយបញ្ហាប្រឈមថ្មីៗទាំងនេះប្រកបដោយប្រសិទ្ធភាព ដើម្បីលើកកម្ពស់ការទូតសភា ធ្វើឱ្យការចូលរួមជាមួយសភាសង្កេតការណ៍ និងអង្គការដៃគូកាន់តែស៊ីជម្រៅ និងដើម្បីពង្រឹងមជ្ឈភាពអាស៊ាន ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពស្របតាមទស្សនវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ព្រមទាំងមូលបទអាស៊ានឆ្នាំ២០២៥ របស់ប្រទេសម្ចាស់ផ្ទះម៉ាឡេស៊ី គឺ “បរិយាបន្ន និងចីរភាព”។

សូមជម្រាបថា កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអាយប៉ា ប្រារព្ធធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិត តាន់ស៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល (Tan Sri Dato (Dr.) Johari Bin Abdul) ប្រធានរដ្ឋសភាប្រទេសម៉ាឡេស៊ី និងជាប្រធានអន្តរសភាអាស៊ាន(អាយប៉ា/AIPA) លើកទី៤៦ ដោយមានការអញ្ជើញចូលរួមពីប្រធានគណៈប្រតិភូសភាសមាជិកអាយប៉ា រួមមាន ព្រុយណេដារូស្សាឡាម ព្រះរាជាណាចក្រកម្ពុជា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន សឹង្ហបូរី ថៃ វៀតណាម និងឡាវ៕ អត្ថបទ៖ហ្សាលីន