តុលាការកំពូលអាមេរិក អនុញ្ញាតឲ្យលោក ត្រាំ បង្កកជំនួយបរទេសចំនួន ៤ពាន់លានដុល្លារ

អន្តរជាតិ

តុលាការកំពូលរបស់សហរដ្ឋអាមេរិក បានយល់ព្រមអនុញ្ញាតឲ្យប្រធានាធិបតី លោក ដូណាល់ ត្រាំ បង្កកជំនួយបរទេសក្នុងចំនួនប្រហែល ៤ពាន់លានដុល្លារ ដែលត្រូវបានបម្រុងទុកសម្រាប់ឆ្នាំសារពើពន្ធ ២០២៥។ នេះបើការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តុលាការកំពូលរបស់អាមេរិក កាលពីថ្ងៃទី២៦ ខែកញ្ញា បានប្រកាសពីការយល់ព្រមរបស់ខ្លួនលើសំណើរបស់ក្រសួងយុត្តិធម៌ ដើម្បីរារាំងការសម្រេចចិត្តរបស់ចៅក្រមសហព័ន្ធលោក Amir Ali ដែលពីមុនបានតម្រូវឲ្យរដ្ឋបាលលោក ត្រាំ បញ្ចេញកញ្ចប់ជំនួយប្រទេសយ៉ាងឆាប់រហ័សក្នុងចំនួនរហូតដល់ទៅ ៤ពាន់លានដុល្លារ។

គួរឲ្យដឹងថា នៅមុននេះ រដ្ឋបាលរបស់លោក ត្រាំ បាននិយាយថា ខ្លួនចង់បង្កកប្រាក់ចំនួន ៤ពាន់លានដុល្លារ ដោយសារតែវាបានប្រឆាំងទៅនឹងគោលនយោបាយការបរទេសដែលបន្តដោយសហរដ្ឋអាមេរិក។ ក្រុមអ្នកសង្កេតការណ៍ក៏បាននិយាយទៀតផងដែរថា នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយជំនួយបរទេស ដើម្បីដើរតាមរបៀបវារៈ “America First” របស់លោក ត្រាំ ។

ជម្រាបជូនថា សភាសហរដ្ឋអាមេរិកកាលពីឆ្នាំមុនបានអនុម័តជំនួយបរទេសរាប់ពាន់លានដុល្លារដែលក្នុងនោះមានប្រហែល ១១ពាន់លានដុល្លារនឹងផុតកំណត់នៅចុងឆ្នាំសារពើពន្ធ២០២៥ ដែលកំណត់នៅថ្ងៃទី៣០ ខែកញ្ញា ខាងមុខ៕​