មហាសេដ្ឋីមានដាច់គេរបស់ពិភពលោក Elon Musk កាលពីពេលថ្មីៗនេះ បានប្រកាសថា លោកនឹងបរិច្ចាគប្រាក់ដល់យុទ្ធនាការបោះឆ្នោតឡើងវិញរបស់សមាជិកសភា លោក Thomas Massie ដែលបានបោះឆ្នោតប្រឆាំងទៅនឹងផែនការចំណាយដ៏ធំរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Fox News។
លោក Bryce Lipscomb អតីតបេក្ខភាពតំណាងរាស្រ្តអាមេរិក បានបង្ហោះសារមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម កាលពីថ្ងៃទី១ ខែកក្កដា ដោយចោទសួរថា តើមានអ្នកណាចង់បរិច្ចាគលុយដល់យុទ្ធនាការបោះឆ្នោតឡើងវិញរបស់លោក Thomas Massie ដែលជាសមាជិកសភា មកពីគណបក្សសាធារណរដ្ឋ ដើម្បីប្រឆាំងនឹងផែនការចំណាយដ៏ច្រើនលើសលប់របស់លោក ត្រាំ ដែរឬទេ។
យ៉ាងណាមិញ បន្ទាប់ពីមានការបង្ហោះសារនេះ ស្ថាបនិកក្រុមហ៊ុន Tesla និង SpaceX លោក Elon Musk ក៏បានចូលទៅបញ្ចេញមតិ និងថែមទាំងបាននិយាយថា រូបលោកនឹងជាអ្នកបរិច្ចាគ សម្រាប់យុទ្ធនាការនេះ។
គួរឲ្យដឹងផងដែរថា ជម្លោះដ៏ក្តៅគគុករវាងមហាសេដ្ឋី Elon Musk និងប្រធានាធិបតី លោក ត្រាំ ចាប់ផ្តើមផ្ទុះឡើងសារជាថ្មី បន្ទាប់ពីថៅកែក្រុមហ៊ុន Tesla បានបន្តរិះគន់ចំៗទៅលើផែនការការបន្ថយពន្ធ និងចំណាយដ៏ច្រើនលើសលប់របស់រដ្ឋបាលលោក ត្រាំ ដែលត្រូវបានអនុម័ត ដោយព្រឹទ្ធសភា កាលពីថ្ងៃទី១ ខែកក្កដា។
ជម្រាបជូនថា ជុំវិញការរិះគន់នេះ បានធ្វើឲ្យលោក ត្រាំ ចេញមុខឆ្លើយតបវិញដោយបានគំរាមកាត់ផ្តាច់ជំនួយឧបត្ថម្ភ និងកិច្ចសន្យាដែលមានតម្លៃរាប់ពាន់លានដុល្លារជាមួយរដ្ឋាភិបាលអាមេរិក សម្រាប់ក្រុមហ៊ុនរបស់លោក Musk ៕