រដ្ឋបាលរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានដាក់ចេញអាជ្ញាប័ណ្ណមួយដែលអនុញ្ញាតឲ្យលក់មាសរបស់វេណាស៊ុយអេឡាមួយចំនួនទៅកាន់សហរដ្ឋអាមេរិក ខណៈពេលដែលទីក្រុងវ៉ាស៊ីនតោន កំពុងជំរុញឲ្យដឹងមានការចូលប្រើប្រាស់សម្បត្តិរ៉ែរបស់ប្រទេសនៅអាមេរិកខាងត្បុងនេះ កាន់តែច្រើន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

អាជ្ញាប័ណ្ណ ដែលចេញដោយក្រសួងរតនាគារសហរដ្ឋអាមេរិកនេះ អនុញ្ញាតឲ្យមានសកម្មភាពមួយចំនួនដែលទាក់ទងនឹងការលក់ ការរក្សាទុក ឬការដឹកជញ្ជូនមាសមានដើមកំណើតនៅវេណេស៊ុយអេឡាសម្រាប់នាំចូលទៅក្នុងទឹកដីសហរដ្ឋអាមេរិក។
គួរឲ្យដឹងថាប្រតិបត្តិការដែលទាក់ទងនឹងការចម្រាញ់មាសនៅទឹកដីសហរដ្ឋអាមេរិក រួមទាំងការលក់បន្ត ឬការនាំចេញមាស ដោយអង្គភាពអាមេរិក ក៏ត្រូវបានអនុញ្ញាតផងដែរ។
យ៉ាងណាមិញ ជុំវិញការប្រកាសនេះបានកើតឡើងភ្លាមៗបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសហរដ្ឋអាមេរិក លោក Doug Burgum បានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃទៅកាន់ប្រទេសវេណេស៊ុយអេឡា ខណៈពេលប្រទេសទាំងពីរបាននិយាយថាពួកគេកំពុងស្តារទំនាក់ទំនងការទូតឡើងវិញ។
ជម្រាបជូនថា ក្រៅពីប្រេង ប្រទេសវេណេស៊ុយអេឡា ក៏សម្បូរទៅដោយរ៉ែសំខាន់ៗជាច្រើន ដូចជាមាស និងពេជ្រ ក៏ដូចជាបុកស៊ីត កូលតាន និងវត្ថុធាតុដើមដ៏កម្រផ្សេងទៀតដែលប្រើសម្រាប់ផលិតកុំព្យូទ័រ និងទូរស័ព្ទចល័ត៕

