IMF៖ កំណើនសេដ្ឋកិច្ចចិន បង្ហាញពីសញ្ញាណវិជ្ជមាននៅទូទាំងសកលលោក

អន្តរជាតិ

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានលើកឡើងនៅថ្ងៃទី១៧ ខែមករាថា កំណើនសេដ្ឋកិច្ចចិនកាលពីឆ្នាំ២០២៣ គឺជាដំណឹងដ៏ល្អក្រៃលែងសម្រាប់ប្រទេសចិន ក៏ដូចជាប្រទេសនៅជុំវិញពិភពលោក។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Xinhua ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាយកគ្រប់គ្រង IMF លោកស្រី Kristalina Georgieva បាននិយាយថា រដ្ឋាភិបាលចិនបានដាក់គោលដៅលើកំណើនសេដ្ឋកិច្ចត្រឹម៥% ប៉ុណ្ណោះនៅក្នុងឆ្នាំ២០២៣ ក៏ប៉ុន្តែជាលទ្ធផលកំណើនសេដ្ឋកិច្ចចិន បានសម្រចលើសពីការរំពឹងទុកថែមទៀត។ នេះហើយគឺជាដំណឹងល្អមួយសម្រាប់ប្រទសចិន ហើយក៏ជាដំណឹងដ៏ល្អសម្រាប់អាស៊ី និងពិភពលោកផងដែរ ពីព្រោះចិនជាប្រទេសជំរុញកំណើនសេដ្ឋកិច្ចមួយភាគបីនៃពិភពលោក។

គួរបញ្ជាក់ថា ការិយាល័យស្ថិតិជាតិចិនបានប្រកាសកាលពីថ្ងៃពុធសប្តាហ៍នេះថា ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសបានកើនឡើង៥,២% ពីមួយឆ្នាំទៅមួយឆ្នាំ ដល់ចំនួនប្រហែល ១៧,៧១ពាន់លានដុល្លារកាលពីឆ្នាំ២០២៣។

លោកស្រី Georgieva បានកត់សំគាល់ថា រដ្ឋាភិបាលចិនកំពុងផ្តោតលើការផ្លាស់ប្តូរ ឆ្ពោះទៅរកកំណើនដែលមានគុណភាពខ្ពស់់ និងកំពុងផ្លាស់ប្តូរគំរូកំណើនពីការនាំចេញជាចម្បង ទៅជាគំរូមួយផ្សេងទៀតដោយដើរតួកាន់តែធំជាងមុន។

លោកស្រីបានបន្ថែមថា យើងគឺជាដៃគូដ៏ល្អជាមួយប្រទេសចិន។ ប្រទេសចិនមានសក្តានុពលដ៏អស្ចារ្យ ក្នុងការនាំមកនូវផលិតភាពកាន់តែច្រើន និងដើម្បីបង្កើតកម្លាំងពលកម្មដែលមានផលិតកម្មកាន់តែខ្ពស់។ មួយវិញទៀត ចំពោះកំណែទម្រង់ ការបើកចំហ និងសមាហរណកម្មក្នុងសេដ្ឋកិច្ចពិភពលោក គឺជាផ្លូវដ៏ត្រឹមត្រូវសម្រាប់ប្រទេសចិន ក្នុងការបន្តដំណើរសេដ្ឋកិច្ចទៅមុខទៀត។

គួរជម្រាបផងដែរថា កាលពីខែវិច្ឆិកាឆ្នាំមុន IMF បានដំឡើងការព្យាករណ៍របស់ខ្លួនចំពោះសេដ្ឋកិច្ចចិនសម្រាប់ឆ្នាំ២០២៤ មានកំណើនពី៤,២% ទៅ៤,៦%៕