ប្រទេសកូរ៉េខាងត្បូង ថ្មីៗនេះបាននិយាយថា ខ្លួនមិនអាចចំណាយទឹកប្រាក់រហូតដល់ ៣៥០ពាន់លានដុល្លារ សម្រាប់ការវិនិយោគ ដើម្បីទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកបាននោះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យ៉ាងណាមិញ ជុំវិញព័ត៌មានចុងក្រោយនេះ ត្រូវបានផ្តល់ដោយទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង លោក Wi Sung-lac បន្ទាប់ពីមានសេចក្តីថ្លែងការណ៍មួយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានស្នើសុំឲ្យកូរ៉េខាងត្បូង បង់ទឹកប្រាក់ ៣៥០ពាន់លានដុល្លារជាមុន ដើម្បីទទួលបានការបន្ធូរបន្ថយពន្ធគយ។
គួរឲ្យដឹងថា ចាប់តាំងពីមានការឈានដល់កិច្ចព្រមព្រៀង កាលពីខែកក្កដារវាងមេដឹកនាំប្រទេសទាំងពីរ ដើម្បីកាត់បន្ថយពន្ធនាំចូលរបស់សហរដ្ឋអាមេរិក មកនៅត្រឹម ១៥% ពីកម្រិតខ្ពស់ ២៥% មក ប្រទេសកូរ៉េខាងត្បូង បានសន្យាថាខ្លួននឹងបណ្តាក់ទុនចំនួន ៣៥០ពាន់លានដុល្លារ ក្នុងទម្រង់ជាប្រាក់កម្ចី ការធានាឥណទាន និងការវិនិយោគសមធម៌ប៉ុណ្ណោះ នៅអាមេរិក។
ប៉ុន្តែបើយោងតាមលោក Wi Sung-lac បាននិយាយថា សំណើរបស់លោក ត្រាំ សម្រាប់រដ្ឋាភិបាលកូរ៉េ ក្នុងការបង់ទឹកប្រាក់មុនចំនួន ៣៥០ពាន់លានដុល្លារ អាចជំរុញមានសេដ្ឋកិច្ចធំជាងគេបំផុតទី៤ របស់អាស៊ី ធ្លាក់ចូលទៅក្នុងវិបត្តិហិរញ្ញវត្ថុមិនខាន។
ជម្រាបជូនថា កាលពីសប្តាហ៍មុន ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae-myung ក៏បានប្រាប់ទៅកាន់សារព័ត៌មាន Reuters ថា បើគ្មានការការពារដូចជាការប្តូររូបិយប័ណ្ណបរទេសទេ សេដ្ឋកិច្ចកូរ៉េខាងត្បូងដែលមានទុនបំរុងប្តូរប្រាក់បរទេសចំនួន ៤១០ពាន់លានដុល្លារនឹងធ្លាក់ចូលទៅក្នុងវិបត្តិ ប្រសិនបើត្រូវបង្ខំឱ្យបង់ប្រាក់យ៉ាងច្រើនភ្លាមៗបែបនេះ៕

