នាព្រឹកថ្ងៃចន្ទ ៧កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០២៥ អ្នកឧកញ៉ា ហ៊ឺ បាវី សមាជិកក្រុមប្រឹក្សាភិបាល និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមក្នុង «វេទិកាជំនួបរវាងក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន និង វិនិយោគិន» ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី, រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន ក.វ.ឦសាន ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំរបស់ក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្តក្រចេះ, ស្ទឹងត្រែង, មណ្ឌលគិរី, និង រតនគិរី ព្រមទាំងមន្ទីរពាក់ព័ន្ធ ក៏ដូចជាវិនិយោគិនជាតិ និងអន្តរជាតិជាច្រើនរូប។

វេទិកាជំនួបនេះ ត្រូវបានរៀបចំក្នុងគោលបំណង ៖ (១) បន្តផ្សព្វផ្សាយអំពី «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន ឆ្នាំ ២០២៥-២០២៨», (២) ស្វែងយល់អំពីកាលានុវត្តភាពនៃការវិនិយោគក្នុងភូមិភាគឦសាន តាមរយៈ បទបង្ហាញអំពីសកម្មភាពវិនិយោគរបស់ក្រុមហ៊ុនកំពុងវិនិយោគស្រាប់, និង (៣) ពិគ្រោះយោបល់ដោយផ្ទាល់ រវាងវិនិយោគិន និង ក.វ.ឦសាន និង តំណាងរដ្ឋបាលខេត្តទាំងបួននៃភូមិភាគឦសាន អំពីបញ្ហាប្រឈម និងដំណោះស្រាយសម្រាប់ការវិនិយោគ។
ក្នុងបរិការណ៍នៃភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ ប្រជាជនកម្ពុជា បានធ្វើពហិការចំពោះទំនិញថៃ និងងាកមកគាំទ្រប្រើប្រាស់ផលិតផលក្នុងស្រុកយ៉ាងផុសផុលដែលឆន្ទៈគាំទ្រផលិតផលក្នុងស្រុករបស់ប្រជាជនកម្ពុជា បានធ្វើឱ្យកម្មវិធីពិសេសជំរុញការវិនិយោគក្នុងភូមិភាគឦសាន បាននិងកំពុងទទួលបានការចាប់អារម្មណ៍កាន់តែច្រើនថែមទៀតពីសំណាក់វិនិយោគិន និងធុរជនតាមរយៈការលើកទឹកចិត្តពិសេសផ្សេងៗសម្រាប់ការវិនិយោគគួបផ្សំនឹងការដោះស្រាយបញ្ហាប្រឈមនានារបស់វិនិយោគិន ការបំពេញបន្ថែមពីគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលក៏ដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាយុទ្ធសាស្ត្រសំខាន់ៗ រួមទាំងការកសាងផ្លូវក្រវាត់ព្រំដែន ព្រែកជីកហ្វ៊ូណនតេជោ កំពង់ផែពហុបំណង និង ព្រលានយន្តហោះជាដើមដែលនឹងជួយដល់កម្មវិធីពិពិធកម្មផលិតផល ពង្រឹងភាពតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត និង ប្រព័ន្ធឡូជីស្ទិកដើម្បីគាំទ្រដល់បរិយាកាសវិនិយោគទាំងមូលនៅកម្ពុជា៕















