កម្ពុជាមានគម្រោងដឹកជញ្ជូនផ្លូវដែកសរុបចំនួន ៨គម្រោង ដែលគ្រោងនឹងចំណាយថវិកាសរុបចំនួន ១០ ០១០លានដុល្លារអាម៉េរិក។ នេះបើតាមរបាយការណ៍វឌ្ឍនភាពប្រចាំឆមាសទី១ ឆ្នាំ២០២៥ ស្តីពីការអនុវត្តផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលថ្មីៗនេះ។

របាយការណ៍ខាងលើ បានឱ្យដឹងថា ការអភិវឌ្ឍផ្លូវដែកផ្តោតលើការស្តារ និងលើកកម្ពស់ផ្លូវដែកបច្ចុប្បន្ន (ភាគខាងជើង និងភាគ ខាងត្បូង) ទៅជាផ្លូវដែកល្បឿនលឿន ព្រមទាំងគិតគូរផ្លូវថ្មី (គន្លង និងខ្សែរថភ្លើងថ្មី)។ ក្នុងនោះ កម្ពុជាមានគម្រោងដឹកជញ្ជូនផ្លូវដែកសរុបចំនួន ៨គម្រោង ដែលគ្រោងនឹងចំណាយថវិកាសរុបចំនួន ១០ ០១០លានដុល្លារ អាម៉េរិក ដែលក្នុងនោះមានគម្រោងរយៈពេលខ្លីនិងមធ្យមចំនួន ៤គម្រោង (២០២៣-២០២៧) ស្មើនឹងទឹកប្រាក់ ៣ ៨០០លានដុល្លារអាម៉េរិក និងគម្រោងរយៈពេលវែងចំនួន ៤គម្រោង (២០២៨-២០៣៣) ស្មើនឹងទឹកប្រាក់ ៦ ២១០លានដុល្លារអាម៉េរិក។
បើតាមរបាយការណ៍ដដែល គិតត្រឹមឆ្នាំ២០២៤ គម្រោងផ្លូវដែកភាគច្រើនស្ថិតក្នុងដំណាក់កាលសិក្សា ដោយគម្រោងលើកកម្រិតសមត្ថភាពផ្លូវដែកពីភ្នំពេញ-ប៉ោយប៉ែត កំពុងស្ថិតនៅក្នុងការសិក្សាដោយនាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រុមហ៊ុន CRBC, និង ក្រុមហ៊ុន Royal Railway។ ដោយឡែកគម្រោងកសាងផ្លូវដែកថ្មីតភ្ជាប់៖ (១) ភ្នំពេញ-អាកាសយានដ្ឋានអន្តរជាតិតេជោ (ក្រុងតាខ្មៅ ខេត្តកណ្តាល) និងសៀមរាប-អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (ស្រុកសូទ្រនិគម ខេត្ត សៀមរាប) ក៏កំពុងស្ថិតក្នុងដំណាក់កាលសិក្សា ដោយសហការជាមួយ China Metro។

សូមបញ្ជាក់ថា ប្រទេសកម្ពុជាមានផ្លូវដែកសំខាន់ចំនួនពីរខ្សែ និងមានប្រវែងសរុប ៦៥២គ.ម. ដោយខ្សែទីមួយ តភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ក្រុងប៉ោយប៉ែត ប្រវែង ៣៨៦គ.ម. និងខ្សែទីពីរ តភ្ជាប់ពីរាជធានី ភ្នំពេញទៅកាន់ក្រុងព្រះសីហនុ ប្រវែង ២៦៦គ.ម.។ បរិមាណទំនិញដឹកជញ្ជូនតាមផ្លូវដែកក្នុង ឆ្នាំ២០២៤ មានចំនួន ១ ១៥២ ៦៤៤តោន បានកើនឡើងប្រមាណជា ៦,៧៩% បើធៀបនឹងឆ្នាំ ២០២៣ ស្របពេលដែលចំនួនអ្នកដំណើរក្នុងឆ្នាំ២០២៤ មានចំនួន ១០៨ ៧៣៩នាក់ មានការធ្លាក់ចុះប្រមាណជា ១៣.២៩% បើធៀបទៅនឹងឆ្នាំ ២០២៣។
ជាមួយគ្នានេះ រាជរដ្ឋាភិបាល បាននិងកំពុងខិតខំប្រឹងប្រែងអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និង ភស្តុភារកម្មនៅគ្រប់ច្រកល្ហកដូចជា ការសាងសង់ និងការស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់, ការលើកកម្រិតសមត្ថភាពផ្លូវដែកទាំងពីរខ្សែ, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកទន្លេ, និងការពង្រឹងនិងពង្រីកហេដ្ឋារចនាសម្ព័ន្ធកំពង់ផែអន្តរជាតិទាំងពីរ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់ការធ្វើពាណិជ្ជកម្មក្នុងស្រុក និងទៅកាន់ពិភពលោក។ ទោះបីជាយ៉ាងនេះក្តី ក៏បញ្ហាប្រឈមនៅតែកើតមានក្នុងវិស័យភស្តុភារកម្មនៅឡើយ ដោយសារកត្តាមួយចំនួនដូចជា ភាពតានតឹងនៅក្នុងតំបន់សង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន និងសង្គ្រាមនូវតំបន់មជ្ឈិមបូព៌ាក៏នៅបន្តអូសបន្លាយនាំឱ្យការធ្វើពាណិជ្ជកម្ម អន្តរជាតិនៅតែស្ថិតនៅក្នុងភាពមិនច្បាស់លាស់ជាដើម៕


