សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (Innovation and Development Investors Association ហៅកាត់ថា IDI) តំណាងដោយ ឧកញ៉ាបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ នេះ បានចុះអនុស្សារណៈយោគយល់គ្នា (MOU) លើការសហការវិនិយោគនៅកម្ពុជា ជាមួយ ក្រុមហ៊ុនយក្សចិន New Dazheng (NDZ) Property Group (http://www.dzwy.com) តំណាងដោយលោក Wang Yingwu អគ្គនាយកទីផ្សារ។

អនុស្សារណៈយោគយល់គ្នា ធ្វើឡើងក្នុងគោលបំណងបង្កើតក្រុមហ៊ុនរួមគ្នា Joint Venture នៅកម្ពុជា ដើម្បីផ្តល់សេវាគ្រប់គ្រងកម្រិតអចលនទ្រព្យកម្រិតអន្តរជាតិដល់តំបន់ឧស្សាហកម្ម, រោងចក្រ, អាគារពាណិជ្ជកម្ម, និងស្នាក់នៅ ជាពិសេសធ្វើការយ៉ាងសកម្មក្នុងការទាក់ទាញវិនិយោគិនតំបន់ឧស្សាហកម្ម និងរោងចក្រកម្មន្តសាលរបស់ចិចិនមកកម្ពុជា។
ឧកញ៉ាបណ្ឌិត ហោ សេរីវឌ្ឍន៍ មានប្រសាសន៍ថា ការសហការដៃគូរយុទ្ធសាស្ត្ររវាង IDI និង New DaZheng គឺបានបង្ហាញពីការប្តេជ្ញារួមគ្នា ក្នុងការពង្រឹង និងលើកតម្កើន វិស័យគ្រប់គ្រងអចលនទ្រព្យ និងទ្រទ្រង់ការអភិវឌ្ឍន៍ឧស្សាហកម្មឲ្យកាន់តែមានសក្តានុពលនៅកម្ពុជា។
ក្រុមហ៊ុន NDZ គឺជាក្រុមហ៊ុនទី១២ ក្នុងវិស័យគ្រហគ្រងអចលនទ្រពនៅប្រទេសចិន ស្ថិតក្នុងផ្សារភាគហ៊ុនកម្រិតទី១ និងសរុបចំណូលជាង ៥០០ លានដុល្លារ ក្នុងឆ្នាំ ២០២៥ , ក្រុមហ៊ុន New Dazheng គ្រប់គ្រង សហគ្រាស និងរោងចក្រ ប្រមាណជាង ១,៨០០ សហគ្រាស, ១០០ តំបន់ឧស្សាហកម្ម, ៥០ តំបន់ឡូជីស្តីក ៣០ ព្រលានយន្តហោះ និង ១០០ សកលវិទ្យាល័យ។ ក្រុមហ៊ុន New Dazheng បានទទួលស្គាល់ជាក្រុមហ៊ុនមានប្រតិបត្តិការឆ្នើម ក្នុងវិស័យគ្រប់គ្រងអចនទ្រព្យដែលមានគុណតម្លៃខ្ពស់ ដូចជាការផ្តល់សេវាជូនដល់ រោងចក្រធំៗក្នុងវិស័យយានយន្ត Tesla, BYD និង Xiaomi, សហគ្រាសនាំមុខផលិតថាមពលថ្មី CATL និង GE Energy, កម្មន្តសាលឧស្សាហកម្មមុនគេ BOSCH, Siemens, Philipps និង Samsung, បណ្តុំព្រលានយន្តហោះធំៗ ដូចជានៅ ប៉េកាំង, ឆុងឈីង និងស៊ឺនជឺន ជាដើម។
សមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ ( IDI) គឺជាបណ្តាញបណ្តុំធុរជន និងវិនិយោគិនឯកជនមួយក្នុងប្រទេសកម្ពុជា ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់ ម្ចាស់អាជីវកម្ម ឬ សហគ្រិន ជាមួយ ប្រភពទុនវិនិយោគ។ បេសកកម្មរបស់ IDI គឺផ្តោតសំខាន់លើការជួយពង្រឹងសក្តានុពលសហគ្រាសធុនតូច និងមធ្យម (MSMEs) តាមរយៈយុទ្ធសាស្ត្រសំខាន់ៗ ដូចជា៖
ការស្វែងរកទុន (Investment Matching) ជួយរៀបចំម្ចាស់អាជីវកម្មឱ្យមានភាពរឹងមាំ ដើម្បីទាក់ទាញវិនិយោគិនមកបណ្តាក់ទុន
ការរៀបចំវេទិកាធុរកិច្ច (IDI Investment Roadshow)៖ រៀបចំកម្មវិធីជួបជុំគ្នាជាប្រចាំ ដើម្បីបើកឱកាសឱ្យវិនិយោគិន និងសហគ្រិនទាំងក្នុង និងក្រៅប្រទេស អាចដោះដូរគំនិត និងពង្រីកបណ្តាញទំនាក់ទំនង។
និង ការបណ្តុះបណ្តាល៖ ដោយផ្តល់ការបង្រៀនលើជំនាញសំខាន់ៗ ដូចជា ការរៀបចំផែនការអាជីវកម្ម សុខភាពហិរញ្ញវត្ថុ និងការយល់ដឹងពីច្បាប់មុនពេលធ្វើការវិនិយោគ ជាដើម។









