សម្តេចតេជោ ហ៊ុន សែន ចេញបញ្ជាក់ពីការចូលរួមសម្របសម្រួលរឿងបំណុលរបស់ ឧកញ៉ា ហេង ឡុង

ជុំវិញ​ឧកញ៉ា

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កាលយប់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ បានចេញសារបញ្ជាក់ថា សម្តេចពុំបានផ្តល់ប្រាក់ជូន ឧកញ៉ា ហេង ឡុង ដើម្បីទៅដោះបំណុលគេនោះទេ ប៉ុន្តែដោយសាររឿងនេះ​វា​ហាក់​ដូចជា​ធ្ងន់ធ្ងរពេក ទើបសម្តេចចូលរួមពឹងអ្នកមានប្រាក់ដើម្បីឱ្យ ឧកញ៉ា ហេង ឡុង ខ្ចីទៅសងម្ចាស់បំណុលពីមុន​សិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលរសៀលថ្ងៃទី០៦ ខែមិថុនា ឧកញ៉ា ហេង ឡុង បានបង្ហោះរូបភាព និងសារថា បន្ទាប់ពីមានព័ត៌មាន​ពាក់ព័ន្ធ​នឹងបណ្ដឹងរបស់លោក ក្នុងករណីជំពាក់ប្រាក់ចំនួន ៣៣០,១៥១.៧០ ដុល្លារអាមេរិក រឿងរ៉ាវនេះបានជ្រាបដល់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ សម្ដេចទាំងទ្វេបាន​មេត្តាជួយសម្របសម្រួលជាមួយម្ចាស់បំណុលខាងលើ ក៏ដូចជាម្ចាស់បំណុលផ្សេងៗទៀត ដែលលោក​កំពុង​ប្រឈម​មុខ។ លោកឧកញ៉ា និងភរិយា សូមក្រាបថ្វាយបង្គំ និងសម្ដែងនូវអំណរគុណដ៏ជ្រាលជ្រៅ​បំផុតចំពោះ​សម្ដេចទាំងទ្វេ ដែលបានមេត្តាជួយស្រោចស្រង់ជីវិត កិត្តិយស និងផ្ដល់កម្លាំងចិត្តដល់រូបលោកក្នុងគ្រាលំបាកនេះ។

ទោះយ៉ាងណា ដើម្បីកាន់ច្បាស់ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមសារបែបនេះថា៖ “ដើម្បីជៀសវាងការភ័នច្រឡំ ខ្ញុំសូមបញ្ជាក់​ជូនថា ខ្ញុំពុំមានប្រាក់ផ្តល់ជូន លោកហេង ឡុងទេ។ ដោយសាររឿងនេះវាហាក់ដូចជាធ្ងន់ធ្ងរពេក ទើបខ្ញុំពិភាក្សា​ជាមួយ លោក ហេង ឡុង ដើម្បីរកដំណោះស្រាយ ដោយខ្ញុំពឹងអ្នកមានប្រាក់ម្នាក់ដើម្បីឲ្យលោក ហេង ឡុង ទៅខ្ចីពីបុគ្គល​នោះយក ទៅសងម្ចាស់បំណុលដែលលោក ហេង ឡុង ជំពាក់ពីមុនទាំងអស់”។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា លោកឧកញ៉ា ហេង ឡុង នៅតែជំពាក់បំណុលដដែល តែជំពាក់អ្នកថ្មីដែល​មាន​ការយោគយល់ និងការអនុគ្រោះច្រើន។ សម្តេចជឿលើសមត្ថភាពរបស់ឧកញ៉ា ហេង ឡុង ដែលនឹងរកប្រាក់​សង​ម្ចាស់បំណុលថ្មីបាន។ សម្តេចសង្ឃឹមថាការពន្យល់នេះនឹងធ្វើឲ្យបងប្អូនយល់ ជៀសវាងការភ័នច្រឡំ ថា​សម្តេចសងបំណុលជំនួសលោកឧកញ៉ា ហេង ឡុង៕