កម្ពុជា-អាមេរិក រៀបចំវេទិការួមគ្នា ដើម្បីជំរុញការវិនិយោគ និងការធ្វើពាណិជ្ជកម្មទ្វេភាគី

សង្គម​ និង​សេដ្ឋកិច្ច

វេទិកាស្ដីពី “ការវិនិយោគ និងការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក” ត្រូវបានរៀបចំឡើងនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ក្រោមវត្តមាន លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំកម្ពុជា ព្រមទាំងមន្រ្តីពាក់ព័ន្ធទាំងជាតិ និងអន្តរជាតិជាច្រើនរូបទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វេទិកាស្ដីពី “ការវិនិយោគ និងការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក” ធ្វើឡើងដើម្បីជាឱកាសនៃការជួបជុំរវាងអ្នករៀបចំគោលនយោបាយ ប្រតិបត្តិករគោលនយោបាយ និងផ្នែកឯកជន ដើម្បីពិភាក្សាអំពីប្រធានបទដែលមានសារៈសំខាន់ដើម្បីរក្សា ពង្រឹងនិងពង្រីកពាណិជ្ជកម្ម និងវិនិយោគជាមួយសហរដ្ឋអាម៉េរិក រួមជាមួយនឹងការដោះស្រាយបញ្ហាប្រឈមនានា នៅក្នុងបរិការណ៍នៃការផ្លាស់ប្តូរឥតឈប់ឈរនៃបរិយាកាសពាណិជ្ជកម្មពិភពលោកនាពេលបច្ចុប្បន្ន។

ថ្លែងក្នុងឱកាសនេះ លោក ស៊ុន ចាន់ថុល បានរំលឹកពីសាវតានៃការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក, តួលេខនៃការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក, និងសាវតានៃកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី កម្ពុជា-សហរដ្ឋអាម៉េរិក។ ដោយជាលទ្ធផល លោកថា រដ្ឋបាលសហរដ្ឋអាម៉េរិកបានបញ្ចុះអត្រាពន្ធបដិការមកលើកម្ពុជានៅត្រឹម ១៩% ដែលជាអត្រាមួយអនុញ្ញាតឱ្យកម្ពុជារក្សាបាននូវភាពប្រកួតប្រជែងក្នុងការទាក់ទាញវិនិយោគ និងការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។

តាមរយៈវេទិការនេះដែរ លោកឧបនាយករដ្ឋមន្ត្រី បានចាត់ទុកសារៈសំខាន់នៃវេទិកានេះ សម្រាប់អនាគតសេដ្ឋកិច្ចកម្ពុជា ខណៈលោកក៏បង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ថា វេទិកានេះនឹងបញ្ចប់ទៅជាមួយនឹងគំនិតល្អៗក្នុងការថែរក្សាទីផ្សារ ទាក់ទាញវិនិយោគ និងការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជាថែមមួយកម្រិតទៀត៕
អត្ថបទ៖ហ្សាលីន