ពន្លាជាតិកម្ពុជា ត្រូវបានប្រកាសបើកសម្ពោធជាលើកដំបូង ក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈដ៏ធំលំដាប់ពិភពលោក ANUGA 2025 នៅទីក្រុងខឹឡូញ ប្រទេសអាល្លឺម៉ង់ ដើម្បីបង្ហាញផលិតផលសក្ដានុពលរបស់ខ្មែរ ទាក់ទាញនិងជំរុញការនាំចេញទៅកាន់ទីផ្សារអឺរ៉ុបបន្ថែមទៀត។

ពន្លាជាតិកម្ពុជាកាលទី៤ ខែតុលា ឆ្នាំ២០២៥ រៀបចំដោយក្រសួងពាណិជ្ជកម្ម ក្រោមកិច្ចសហការជាមួយ ទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) តាមរយៈការគាំទ្ររបស់ប្រទេសអាល្លឺម៉ង់ និងសហភាពអឺរ៉ុប។
លោក សំហេង បូរ៉ា រដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ពិធីសម្ពោធនេះគឺជាកម្មវិធីដ៏សំខាន់ជាប្រវត្តិសាស្ត្រមួយ ដែលកម្ពុជាបានរៀបចំជាពន្លាជាតិជាលើកដំបូងដែលមានដាក់តាំងបង្ហាញផលិតផលសក្ដានុពលកម្ពុជា ក្នុងគោលបំណងដើម្បីអបអរសាទរវត្តមានផលិតផលរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ និងសបញ្ជាក់ពីផ្សព្វផ្សាយផលិតផលកែច្នៃកសិកម្មដែលមានគុណភាពខ្ពស់ក្រោមមូលបទ “CAMBODIA: Basket of Wonders”។
លោកបន្តថា សារៈសំខាន់នៃពន្លាជាតិកម្ពុជាលើកដំបូងនៅពិព័រណ៍ ANUGA ជាជំហានដ៏ធំមួយឆ្ពោះទៅរកសមាហរណកម្មពាណិជ្ជកម្មសកល ហើយបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ភាពប្រកួតប្រជែងនៃការនាំចេញ ការគាំទ្រដល់អ្នកផលិត និងការធានានូវកំណើនពាណិជ្ជកម្ម។

កម្មវិធីពន្លាជាតិក្នុងឆ្នាំនេះ មានក្រុមហ៊ុនកម្ពុជាចំនួន០៨ បានចូលរួមទាំងបង្ហាញផលិតផលល្អឯករបស់ខ្លួនដូចជា ម្រេចកំពត ស្វាយចន្ទី ស្ករត្នោត និងផ្លែឈើសម្ងួត ជាដើម។ ពិធីសម្ពោធបានបិទបញ្ចប់ជាមួយនឹងការអញ្ជើញភ្ញៀវទេសចរឱ្យចូលទស្សនាពន្លាជាតិកម្ពុជា ជួបជាមួយអ្នកតាំងពិព័រណ៍ និងបង្កើតភាពជាដៃគូពាណិជ្ជកម្ម។
កម្មវិធីនេះតំណាងឱ្យកិច្ចសហប្រតិបត្តិការដ៏រឹងមាំរបស់កម្ពុជាជាមួយដៃគូអន្តរជាតិ ក៏ដូចជាកិច្ចចាប់ផ្តើមដ៏សំខាន់ថ្មីមួយរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប តាមរយៈការចូលរួមក្នុងពិព័រណ៍កម្រិតអន្តរជាតិ និងបេសកកម្មពាណិជ្ជកម្មក្រៅប្រទេស ដើម្បីពង្រឹង និងពង្រីកកិត្តិនាមផលិតផលកម្ពុជា៕អត្ថបទ៖ហ្សាលីន




