ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី៣ ខែតុលាឆ្នាំ២០២៥ បានរៀបចំកិច្ចប្រជុំកិច្ចពិភាក្សាអំពីការរៀបចំយន្តការ និងដំណើរការការងារនានាដើម្បី ផ្ដល់ទិដ្ឋាការរយៈពេលវែងជូនវិនិយោគិន សំដៅជំរុញទាកទាញវិនិយោគអន្តរជាតិបន្ថែមទៀត។

លោក សរ សិនិរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) បានឱ្យដឹងថា កិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាអំពីការរៀបចំយន្តការ និងដំណើរការការងារនានាដើម្បី ផ្ដល់ទិដ្ឋាការរយៈពេលវែងជូនវិនិយោគិន និងនយោជិតបរទេស, និងរៀបចំច្រកឆ្លងកាត់ពិសេសសម្រាប់វិនិយោគិននៅតាមអាកាសយាន្តដ្ឋានអន្តរជាតិក្នុងប្រទេសកម្ពុជា, ដែលជាការផ្ដល់ការលើកទឹកចិត្តមិនមែនពន្ធជូនវិនិយោគិន សំដៅទាក់ទាញការវិនិយោគមកកាន់កម្ពុជាបន្ថែមទៀត។
ពាក់ព័ន្ធនឹងការវិនិយោគនេះដែរ នៅក្នុងរយៈពេល៩ខែនៃ ឆ្នាំ២០២៥នេះ CDC បានសម្រេចុះបញ្ជីគម្រោងវិនិយោគចំនួន ៥៤៦គម្រោង ក្នុងទំហំទុនវិនិយោគសរុប ប្រមាណ ៧,៨ប៊ីលានដុល្លារអាម៉េរិក គឺគម្រោងវិនិយោគមានការកើនឡើងចំនួន ២៣១គម្រោង ស្មើនឹងប្រមាណ ៧៣% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណ ២,៥ប៊ីលានដុល្លារអាម៉េរិក ស្មើនឹង ប្រមាណ ៤៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែល CDC បានចុះបញ្ជីគម្រោង វិនិយោគត្រឹមតែ ៣១៥គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៥,៣ប៊ីលានដុល្លារអាម៉េរិក។
ជាការកត់សម្គាល់ ត្រឹមតែរយៈពេល៩ខែ CDC បានចុះបញ្ជីគម្រោងវិនិយោគលើសការចុះបញ្ជីគម្រោងវិនិយោគពេញ មួយឆ្នាំ២០២៤ រហូតដល់ទៅ ១៣២គម្រោង។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ CDC កាលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥៕ អត្ថបទ៖ហ្សាលីន


