រោងចក្រចម្រាញ់ប្រេងឆាពីកន្ទក់មួយ នៅខេត្តបាត់ដំបង មានសមត្ថភាពផលិតបាន១០តោន ក្នុងមួយថ្ងៃ

សង្គម​និង​សេដ្ឋកិច្ច

រោងចក្រចម្រាញ់ប្រេងឆាចេញពីវត្ថុធាតុដើមកន្ទក់ស្រូវផ្កាម្លិះ (សុខៈ)ស្ថិតក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង ចាយដើមទុនជាង៦លានដុល្លារ អាចមានសមត្ថភាពផលិតបានប្រេងក្នុងរង្វង់៦តោន ទៅ១០តោន ក្នុងមួយថ្ងៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ឆែន ចាន់ដារា អគ្គនាយករោងចក្រចម្រាញ់ប្រេងកន្ទក់ស្រូវផ្កាម្លិះខេត្តបាត់ដំបង បានឱ្យដឹងថាការបង្កើតរោងចក្រក្នុងកម្រិតមធ្យមចម្រាញ់ប្រេងឆាចេញពីវត្ថុធាតុដើមកន្ទក់ស្រូវ នៅខេត្តបាត់ដំបងនេះ គឺដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋកម្ពុជាដែលមានជាតម្រូវការក្នុងការចម្អិនម្ហូបអាហារជាប្រចាំថ្ងៃរបស់ពួកគាត់។ម៉្យាង គឺចង់ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងវិស័យអទិភាពស្រូវអង្ករមួយនេះ គឺធ្វើយ៉ាងណាឱ្យមានការកែច្នៃ និងផលិតទៅជាផលិតផលដែលអាចប្រើប្រាស់សម្រាប់សង្គមក៏ដូចជាប្រជាពលរដ្ឋ។

លោក បន្តថា សមត្ថភាពរបស់រោងចក្រក្នុងការផលិត និងការចម្រាញ់ប្រេងគឺក្នុងរង្វង់៦តោន ទៅ១០តោនក្នុងមួយថ្ងៃ។ក្នុងន័យនេះ វត្ថុធាតុដើមដែលលោកប្រមូលទិញពីតំបន់ខុសៗគ្នានៅក្នុងប្រទេស ដូចជាខេត្តកំពង់ចាម ព្រៃវែង កន្ទក់គឺមានបរិមាណប្រេងតែ១៦ទៅ១៨% ដោយឡែកខាងខេត្តពោធិ៍សាត់ និងបាត់ដំបងមានប្រេងក្នុងបរិមាណរង្វង់ពី១៨ទៅ២០%។ពាក់ព័ន្ធតម្លៃប្រេងកន្ទក់ គឺមានតម្លៃទាបជាងប្រេងដែលនាំចូលពីប្រទេសវៀតណាម និងប្រទេសថៃ ដែលបានចរាចរដាក់លក់លើទីផ្សារកម្ពុជាបច្ចុប្បន្ន ទោះបីជាដាក់លក់លើទីផ្សារប្រទេសគេក៏នៅតែមានតម្លៃថ្លៃជាងផលិតផលរបស់លោក ដែលបានចម្រាញ់ក្នុងស្រុក ដាក់លក់លើទីផ្សារ ជាពិសេសក្នុងរាជធានីភ្នំពេញ និងខេត្តបាត់ដំបងនោះទេ។

ចំពោះទីផ្សារក្នុងស្រុក លោកកំពុងតែធ្វើការយ៉ាងសកម្មក្នុងការយកផលិតផលដែលបានចម្រាញ់ និងផលិតក្នុងស្រុកមួយនេះ គឺដាក់លក់នៅលើតំបន់សំខាន់ៗមួយចំនួន មិនថាជា Supermarket ឬក៏ផ្សារក្រមួននោះទេ។សម្រាប់ទីផ្សារក្រៅស្រុក លោកក៏កំពុងពិភាក្សាជាមួយថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនក្នុងប្រទេសម៉ាឡេស៊ី ក្នុងការនាំចេញផលិតផលដែលចម្រាញ់ចេញពីប្រទេសកម្ពុជា ទៅប្រទេសម៉ាឡេស៊ីផងដែរ។

បើនិយាយពីអត្ថប្រយោជន៍ និងគុណប្រយោជន៍របស់ប្រេងកន្ទក់វិញ បើតាមលោក ចាន់ ដារា «យោងតាមអង្គការសុខភាពពិភពលោក បានចាត់ថ្នាក់ការផលិតប្រេងពីកន្ទក់ជាប្រេងសុខភាពមួយក្នុងចំណោមប្រេងសុខភាពដទៃទៀតដែលដាក់លើទីផ្សារធំៗទាំងប៉ុន្មាននៅក្នុងប្រទេស ក៏ដូចជាក្នុងសាកលលោកយើងហ្នឹង។មួយទៀត វិទ្យាស្ថានអន្តរជាតិធំៗក៏បានចាត់ថ្នាក់ថា មានតែប្រេងកន្ទក់មួយទេមានសារធាតុ oryzanol ដែលមានតួនាទីសំខាន់ និងចម្បងបំផុត មានឥទ្ធិពលខ្លាំងណាស់ក្នុងការកំចាត់ខ្លាញ់អាក្រក់ក្នុងសរសៃឈាម ខ្លាញ់ដែលធ្វើឱ្យមនុស្សកើតជំងឺដាច់សរសៃឈាមខួរក្បាល ខ្លាញ់រុំបេះដូង ខ្លាញ់រុំថ្លើម តែម្តង។ចំពោះគុណប្រយោជន៍ដទៃទៀតគឺវា មានសារធាតុស័ង្កសី ដូចនឹងប្រេងដទៃដែរ ម៉្លោះហើយអ្វីដែលខ្ញុំលើកឡើងមិនមានប្រេងណាមានសារធាតុ oryzanol ដូចប្រេងកន្ទក់នោះទេ»។

លោក ឆែន ដារា បានបញ្ជាក់បន្ថែមថា «ចំពោះប្រព័ន្ធផ្នែកសង្វាក់ផលិតកម្ម គឺមិនមានភាពខុសគ្នាខ្លាំងទេបើធៀបទៅនឹងប្រទេសជិតខាងរបស់យើង រួមមានថៃ វៀតណាម វាខុសគ្នាត្រង់មួយថា គេមានការចម្រាញ់ និងផលិតក្នុងបរិមាណធំ ច្រើន ដោយឡែកចំពោះរោងចក្ររបស់ខ្ញុំផលិតក្នុងបរិមាណមួយតូច ហើយក៏ជាដំណាក់កាលដំបូងដែលនៅក្នុងស្រុកយើងដែរ ដែលអាចនិយាយបានថា នៅក្នុងសម័យតេជោសន្តិភាពនេះ មានរោងចក្ររបស់ខ្ញុំតែមួយគត់ ដែលធ្វើការចម្រាញ់ និងប្រើបច្ចេកវិទ្យាដូចទៅនឹងរោងចក្រដទៃនៅក្នុងប្រទេសជិតខាងរបស់យើងដែរ»។

លោក បានគូសបញ្ជាក់ថា «ចំពោះគម្រោងក្នុងការពង្រីកសង្វាក់ផលិតកម្មចម្រាញ់ និងផលិតប្រេងកន្ទក់ទៅថ្ងៃអនាគត លោកគិតថានឹងអាចមានក្នុងរង្វង់ប្រើប្រាស់កន្ទក់ឆៅពី១០០តោន ទៅ១៥០តោនក្នុងមួយថ្ងៃ ក្នុងន័យនេះ យើងអាចបានប្រេងសម្រេចក្នុងរង្វង់ពី២៥តោន ទៅ៣០តោន ក្នុងមួយថ្ងៃ»។

អគ្គនាយករោងចក្រប្រេងឆាកន្ទក់ រូបនេះ បានបញ្ជាក់ថែមទៀតថា លោកក៏នឹងមានគម្រោងចម្រាញ់ប្រេងចេញពីសណ្តែកសៀង ផងដែរ។ ដោយលោក ឆែម ចាន់ដារា បញ្ជាក់ថា«បច្ចុប្បន្នខ្ញុំទើបតែបញ្ចប់ការវិភាគ និងការចំណាយនិងបំពាក់គ្រឿងម៉ាស៊ីនដែលសម្រាប់ធ្វើការសម្អាតសណ្តៀកសៀង ក្នុងការចម្រាញ់ប្រេងចេញពីសណ្តែកសៀង អីចឹងអាចនិយាយបានថា ថ្ងៃអនាគតបន្ទាប់ពីខ្ញុំមានការគាំទ្រពីប្រជាពលរដ្ឋ ខ្ញុំនឹងបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋបន្ថែម ក្នុងការពង្រីកគម្រោងចម្រាញ់ប្រេងពីសណ្តែកសៀងបន្ថែមទៀត»៕