ការប្រើប្រាស់បច្ចេកវិទ្យាអាចជាចន្ទល់មួយក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ច

សង្គម​និង​សេដ្ឋកិច្ច

មូលនិធិរូបិយវត្ថុអន្តរជាតិIMF កាលពីខែកក្កដា កន្លងទៅនេះ បានព្យាករកំណើនសេដ្ឋកិច្ចពិភពលោកមកត្រឹម ៣% ក្នុងឆ្នាំ២០២៣  ដែលក្នុងនោះ ប្រទេសកំពុងលូតលាស់និងកំពុងអភិវឌ្ឍន៍មានកំណើន ៤% និងសេដ្ឋកិច្ចប្រទេសអាស៊ានមានកំណើន ៤,៥%។ ទន្ទឹមនេះ អតិផរណាពិភពលោកនៅតែមានកម្រិតខ្ពស់ ដោយត្រូវបានព្យាករថាមានកម្រិត ៦,៨% ក្នុងឆ្នាំ២០២៣ បើធៀបនឹងឆ្នាំមុន ៨,៧%។ នេះបើតាមមន្ត្រីជាន់ខ្ពស់របស់ធនាគារជាតិនៃកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ហេង បូមករា អគ្គនាយករងត្រួតពិនិត្យទី១នៃធនាគារជាតិនៃកម្ពុជាលើកឡើងក្នុងកម្មវិធី វេទិកាស្ដីពីវិស័យធនាគារឆ្នាំ២០២៣ នៅថ្ងៃទី២៨ខែកញ្ញាបានបញ្ជាក់ថា «បើទោះជាក្នុងកាលៈទេសៈដែលពិភពលោកកំពុងមានភាពមិនប្រាកដប្រជាក៏ដោយ ប៉ុន្តែការប្រើប្រស់បច្ចេកវិទ្យាអាចជាចន្ទល់មួយក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ច។ជាក់ស្ដែងនៅក្នុងយុគ្គសម័យបដិវត្តឧស្សាហកម្មទី៤ បច្ចេកវិទ្យាគឺជាសមាសភាពយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍស៊ឹងតែគ្រប់វិស័យ រាប់ចាប់ពីសេដ្ឋកិច្ច រហូតដល់យោធា។ ហេតុដូច្នេះហើយ ការប្រកួតប្រជែងខាងបច្ចេកវិទ្យាក៏បានក្លាយជាសង្វៀនរបស់ប្រទេសមហាអំណាច ដែលឈានទៅដល់ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ច»។

បើតាមមន្ត្រីជាន់ខ្ពស់នៃធនាគារជាតិនៃកម្ពុជា ទោះបីជាសេដ្ឋកិច្ចពិភពលោកបានធ្លាក់ចុះ ហើយអាជីវកម្មជាច្រើនប្រឈមនឹងការថមថយនៃប្រាក់ចំណូល និងខ្លះឈានទៅដល់ការក្ស័យធននាអំឡុងពេលវិបត្ដិកូវីដ១៩ ប៉ុន្តែសម្រាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកវិញបានចាត់ទុករយៈពេលនេះ ថាជារយៈពេលដ៏ត្រចះត្រចង់បំផុត ដោយសារការដាក់ចេញនូវវិធានការទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩។ ជាក់ស្ដែង ប្រាក់ចំណូលរបស់ក្រុមហ៊ុន E-Commerce ដូចជា Netflix, Amazon, Tiktok, Walmart, និង Tao Bao  ជាដើម មានការកើនឡើងគួរឱ្យកត់សម្គាល់អំឡុងឆ្នាំ២០២០-២០២១។ 

លោក ហេង បូមករា មានប្រសាសន៍ថា «ក្នុងន័យនេះ វិបត្ដិកូវីដ១៩ គឺជាសមាសភាពមួយក្នុងការបន្សាំបច្ចេកវិទ្យា ជាមួយការរស់នៅនិងការធ្វើពាណិជ្ជកម្ម ស្របពេលដែលបច្ចេកវិទ្យាទាំងនេះ បានជំរុញឱ្យមានភាពប្រសើរឡើងនៃខ្សែចង្វាក់តម្លៃ ការលើកកម្ពស់ការប្រកួតប្រជែង និងការបង្កើតនវានុវត្ដន៍ថ្មីៗ ដែលជាឈ្នាន់មួយដើម្បីធ្វើឱ្យប្រសើរឡើងនៃជីវភាពរស់នៅ តាមរយៈការបង្កើនឱកាសការងារ ការបង្កើនលទ្ធភាពទទួលបានការអប់រំនិងស្វ័យសិក្សា និងការគាំទ្រដល់សហគ្រាសធុនតូចនិងមធ្យម រួមទាំងការបង្កើនភាពអង់អាចរបស់ស្ត្រីផងដែរ»៕ អត្ថបទ៖សារេត