ភ្ញៀវបរទេសទៅលេងថៃ​ ធ្លាក់ដាំក្បាលចុះជិត ៨% ក្នុងរយៈពេល ៩ខែដំបូងឆ្នាំនេះ

អន្តរជាតិ

យោងតាមស្ថិតិដែលចេញផ្សាយដោយក្រសួងទេសចរណ៍ និងកីឡា បង្ហាញឲ្យដឹងថា ប្រទេសថៃ បានទទួលស្វគមន៍ភ្ញៀវទេសចរបរទេសនៅក្នុងចំនួនត្រឹម ២៤ លាននាក់ប៉ុណ្ណោះ ក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ២០២៥ នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Strait Times។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចាប់ពីថ្ងៃទី ១ខែមករា ដល់ថ្ងៃទី៣០ ខែកញ្ញា ការមកដល់របស់ភ្ញៀវទេសចរបទេស នៅក្នុងប្រទេសថៃ មានចំនួនសរុប ២៤ ១១៥ ៣២៨ នាក់ ពោលគឺបានថយចុះអស់ ៧,៥% បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

ក្នុងអំឡុងពេលនោះ ប្រទេសថៃ ទទួលបានប្រាក់ចំណូលសរុប ១,១ទ្រីលានបាត (ឬប្រមាណជាង ៣៣ពាន់លានដុល្លារ) ពីភ្ញៀវទេសចរបទេស ពោលគឺបានធ្លាក់ចុះអស់ ៥,៨៥% បើធៀបទៅនឹងឆ្នាំ២០២៤។

យ៉ាងណាមិញក្នុងចំណោមនោះ ភ្ញៀវទេសចរម៉ាឡេស៊ី នាំមុខគេ ក្នុងការចូលមកលេងកម្សាន្តនៅក្នុងប្រទេសថៃ ដោយមានចំនួនសរុប ៣,៤៧ លាននាក់ ធ្លាក់ចុះអស់ ៧,០៥% និងតាមពីក្រោយដោយ ចិន មានចំនួន ៣,៤១ លាននាក់ ធ្លាក់ចុះអស់ ៣៤,៩៧% ។

ជម្រាបជូនផងដែរថា យោងតាមក្រសួងទេសចរណ៍ ក៏បានរាយការណ៍ទៀតថា វិស័យទេសចរណ៍ក្នុងស្រុកបានឃើញការកើនឡើងជាវិជ្ជមាន ជាមួយនឹងការធ្វើដំណើរទេសចរណ៍ក្នុងស្រុកមានចំនួន ១៤៨,៧ លានដង ក្នុងអំឡុងពេល​ ៩ខែដំបូងនៃឆ្នាំ២០២៥ ពោលគឺបានកើនឡើង ២,៨៩%៕​