ក្រសួងពាណិជ្ជកម្ម ប្តេជ្ញាលើកកម្ពស់ផលិតផលអាហារកែច្នៃកម្ពុជា ឱ្យឈានចូលទីផ្សារអន្តរជាតិ

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្ម បានប្តេជ្ញាលើកកម្ពស់ផលិតផលកែឆ្នៃកសិកម្ម និងអាហារកែច្នៃរបស់កម្ពុជា ឱ្យឈានចូលទីផ្សារអន្តរជាតិ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាបន្ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមជំនួបពិភាក្សារវាងលោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ ជាមួយភាគីពាក់ព័ន្ធ នៅប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ។

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រុមការងារជំរុញការនាំចេញ និងអង្គភាព sequa/IPD ដើម្បីទាញយកការគាំទ្រផ្នែកបច្ចេកទេស សំដៅជំរុញផលិតផលនាំចេញរបស់កម្ពុជាឱ្យមានសមត្ថភាពប្រកួតប្រជែង និងអនុលោមតាមស្តង់ដារអន្តរជាតិ ព្រមទាំងដើម្បីអភិវឌ្ឍកម្មវិធីជំរុញការនាំចេញនានា និងការពង្រឹងសមត្ថភាពក្រុមហ៊ុនក្នុងការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប ផងដែរ។

បន្ថែមពីនេះ កិច្ចសហការរវាងក្រុមការងារជំរុញការនាំចេញ និង sequa/IPD នឹងបន្តកាន់តែជិតស្និទ្ធ ដើម្បីលើកកម្ពស់ផលិតផលកែច្នៃកសិកម្ម និងអាហារកែច្នៃរបស់កម្ពុជា ឱ្យឈានចូលទីផ្សារអន្តរជាតិ តាមរយៈការពង្រឹងផ្អែកលើគុណភាព ស្តង់ដារ និងភាពច្នៃប្រឌិតផងដែរ។

សូមរម្លឹកដែរថា ក្នុងឆមាសទី១នៃឆ្នាំ២០២៥នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិ សម្រេបានជាង ៣០ពាន់លានដុល្លារ កើនឡើង១៧.២% បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២៤ ដែលមានទំហំប្រមាណជាង ២៦ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីពេលថ្មីៗនេះ។

តាមរយៈរបាយការណ៍នេះបានឱ្យដឹងថា ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៥នេះ កម្ពុជាបាននាំចេញទំនិញក្នុងតម្លៃជាង ១៤.២៩ពាន់លានដុល្លារ កើនឡើង១៦.២%។ ចំណែកការនាំចូលទំនិញមកវិញមានតម្លៃ ១៦.២៧ពាន់លានដុល្លារ កើនឡើង១៨% បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០២៤។៕អត្ថបទ៖ហ្សាលីន